សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល និងគណបក្សនយោបាយ គាំទ្រប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យអភិបាលរាជធានី-ខេត្តទាំងអស់ ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង
ភ្នំពេញ៖ សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល និងគណបក្សនយោបាយបានគាំទ្រយ៉ាងពេញទំហឹងនូវប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក្រដ្ឋមន្ត្រីកម្ពុជា ដែលបានធ្វើការដាក់ចេញនៅបទបញ្ជាឱ្យអភិបាលរាជធានី-ខេត្តទាំងអស់នៅទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង ក្នុងករណីមានបន្តបើកថ្មីទៀត សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូនសម្តេច។
លោក ថុល សុផាន់ណា អ្នកនាំពាក្យសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានថ្លែងថាសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិលបានគាំទ្រយ៉ាងពេញទំហឹងនូវប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក្រដ្ឋមន្ត្រីកម្ពុជា ដែលបានធ្វើការដាក់ចេញនៅបទបញ្ជាឲ្យអភិបាលរាជធានី-ខេត្តទាំងអស់នៅទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង ក្នុងករណីមានបន្តបើកថ្មីទៀត សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូនសម្តេច។ លោកបានបន្តថា ល្បែងស៊ីសងខុសច្បាប់ដែលបន្តកើតមាននៅតាមមូលដ្ឋានតំបន់មួយចំនួនដែលជាការបង្កផលប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។ ចំពោះល្បែងស៊ីសងជាបញ្ហាដែលកើតមានភាគច្រើនដែលបង្កភាពអនាធិបតេយ្យ ក៏ដូចជាបង្កើតបានជាបទល្មើសផ្សេងៗ និងបង្កភាពគ្រោះថ្នាក់ទៅដល់ស្រទាប់យុវជន ក៏ដូចជាប្រជាពលរដ្ហឋផ្សេងៗទៀត។ ហេតុនេះហើយទាមទារឱ្យមាននូវវិធានការបង្ក្រាប ក៏ដូចជាវិធានការអប់រំទៅតាមនីតិវិធីច្បាប់។

ចំណែកលោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានគាំទ្រទាំងស្រុងចំពោះអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញបញ្ជាឲ្យអភិបាលរាជធានី-ខេត្តទាំងអស់នៅទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង ក្នុងករណីមានបន្តបើកថ្មីទៀត សូមចាត់វិធានការបិទជាបន្ទាន់។ ប្រសាសន៍របស់សម្តេចធិបតីជារឿងត្រឹមត្រូវ ជៀសវាងអំពើអបាយមុខគ្រប់យ៉ាង ហើយចំពោះអបាយមុខទាំងអស់ហ្នឹងវាកើតមានអំពើហិង្សាក្នុងគ្រួសារ និងអំពើចោរកម្មនៅក្នុងសង្គម។

រីឯលោកបណ្ឌិត ហ៊ាង គឹមស្រឿន ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ បានមានប្រសាសន៍ថា បញ្ហាល្បែងស៊ីសង ជាបញ្ហាប្រឈមនៅក្នុងសង្គម និងបង្កផលប៉ះពាល់ដល់សុខសុវត្ថិភាពដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ បង្កើតឱ្យមានចោរកម្ម អំពើលួចប្លន់ និងអំពើហិង្សាក្នុងគ្រួសារជាដើម។ លោកសូមគាំទ្រប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបញ្ជាឱ្យអភិបាលរាជធានី-ខេត្តទាំងអស់នៅទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង ក្នុងករណីមានបន្តបើកថ្មីទៀត សូមចាត់វិធានការបិទជាបន្ទាន់។

សូមជម្រាបថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ចេញបញ្ជាឱ្យអភិបាលរាជធានី-ខេត្តទាំងអស់នៅទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង ក្នុងករណីមានបន្តបើកថ្មីទៀត សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូនសម្តេច៕
ដោយ៖ពលជ័យ