អភិបាលខេត្តកំពត ដាក់បទបញ្ជាឱ្យត្រួតពិនិត្យល្បែងស៊ីសង គ្រប់ ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួន

កំពត៖អភិបាលខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន បានបញ្ជាដល់អាជ្ញាធរ សមត្ថកិច្ចជំនាញពាក់ព័ន្ធនៅឃុំ សង្កាត់ ក្រុង ស្រុក នីមួយៗ ត្រូវ ត្រួតពិនិត្យរាល់ល្បែងស៊ីសងអនឡាញគ្រប់ប្រភេទលើអាជ្ញាបណ្ណនិងទីតាំងប្រសិនជាពុំមានច្បាប់អនុញ្ញាតត្រូវចាត់វិធានការបិទជាបន្ទាន់។ នេះជាការបញ្ជាក់នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពតកាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលសន្និសីទ បូកគោ។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តបានមានប្រសាសន៍ថា  ដោយ ទទួលបានបទបញ្ជាពីសម្តេចធិបតី  ហ៊ុន  ម៉ាណែត  នាយក រដ្ឋ មន្ត្រី កម្ពុជាឱ្យត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងស៊ីសងអនឡាញគ្រប់ប្រភេទ ដូចនេះលោកសូម បញ្ជាត្រង់ ទៅអាជ្ញាធរ , សមត្ថកិច្ចជំនាញ ពាក់ព័ន្ធនៅឃុំ សង្កាត់ ក្រុង ស្រុកត្រូវយកបទបញ្ជានេះ ទៅអនុវត្ត ឱ្យមានប្រសិទ្ធភាព ហើយក្នុងករណី ល្មើស បទបញ្ជា នឹងត្រូវប្រឈម មុខជាមួយផ្លូវច្បាប់។ ម្យ៉ាងវិញទៀតក្នុងករណីមានជនណា កាងឬ នៅពីក្រោយការបើកទីតាំង ល្បែង ស៊ីសងនោះ ត្រូវរាយការណ៍មក ឯកឧត្តមផ្ទាល់។ 

នៅក្នុងកិច្ចប្រជុំដដែលនេះឯកឧត្តមអភិបាលខេត្តក៏បានណែនាំឱ្យពិនិត្យឡើងវិញ ទៅលើការងារបទល្មើសដឹកទំនិញ លើស ទម្ងន់ កំណត់, បទល្មើសស្តីពីច្បាប់ការពារធនធានធម្មជាតិជាដើម៕


អត្ថបទនិងរូបភាព៖ សិលា សារិន

ads banner