លោកជំទាវ ឌិត នីតា ត្រូវបានជាប់ឆ្នោតជ្រើសរើសជាប្រធានក្រុមប្រឹក្សាភិបាល ដឹកនាំសមាគមមីក្រូហិរញវត្ថុកម្ពុជា
(ភ្នំពេញ)៖ លោកជំទាវ ឌិត នីតា ត្រូវបានសមាជិកបោះឆ្នោតជ្រើសរើសជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សម្រាប់អាណត្តិថ្មី ឆ្នាំ២០២៤-២០២៥ ខណៈដែល លោក សុខ វឿន ក៏ត្រូវបានបោះឆ្នោតជ្រើសតាំងជាអនុប្រធានក្រុមប្រឹក្សាភិបាលសមាគម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
ការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំក្នុងអាណត្តិថ្មីឆ្នាំ២០២៥-២០២៥នេះ ត្រូវបានធ្វើឡើងក្នុងមហាសន្និបាតប្រចាំឆ្នាំ២០២៤ នៃសមាគមមីក្រូហិរញ្ញវរត្ថុកម្ពុជា នៅសណ្ឋាគារ ហ្កាឌិន ស៊ីធី នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការចូលរួមពីសមាជិក-សមាជិកាមកពីជាង ១០០ គ្រឹះស្ថាន។
សម្រាប់អាណត្តិឆ្នាំ២០២៤-២០២៥ តំណាងគ្រឹះស្ថានដែលជាសមាជិកសមាគម បានបោះឆ្នោតជ្រើសប្រធាន, អនុប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលសរុបចំនួន ១៣រូប រួមមាន៖
១.លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល មកពីគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីធីត
២.លោក សុខ វឿន អនុប្រធានក្រុមប្រឹក្សាភិបាល មកពីគ្រឹះស្ថាន អិលអូអិលស៊ី (ខេមបូឌា)
ភីអិលស៊ី
៣.ឧកញ៉ា ឈុន សុភ័ក្រ្ត ជាសមាជិក មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក
លោក ដូស ឌីន ជាសមាជិក មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត
៤.ឧកញ៉ា ហួត អៀងតុង ជាសមាជិក មកពីធនាគារ ហត្ថា ម.ក
៥.លោក គា បូរាណ ជាសមាជិក មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេ ភីអិលស៊ី
៦.លោក ឃូ ប៊ុនទ្រី ជាសមាជិក មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ភីអិលស៊ី
៧.កញ្ញា ឃុន សុនីតា ជាសមាជិក មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វ៉ាយ ស៊ី ភី
៨.លោក ប៉ា ប៉ុណ្ណរិទ្ធី ជាសមាជិក មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាក់ស៊ីម៉ា ភីអិលស៊ី
៩.លោក ស៊ីម សេនាជាតិ ជាសមាជិក មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺសហ្វាយនែន ភីអិលស៊ី
១០.លោក Yannick Nicolas MILEV ជាសមាជិក មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន ម.ក
១១.លោក ឌី ស៊ីថា ជាសមាជិក តំណាងឱ្យគ្រឹះស្ថានឥណទានជនបទ មកពីក្រុមហ៊ុន ដៃគូ ហ្វាយនែន ភីអិលស៊ី
១២.លោក ខេង ទីឡែន ជាសមាជិក តំណាងឱ្យក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ មកពីក្រុមហ៊ុន ប៊ីអេសភី ហ្វាយនែន (ខេមបូឌា) ម.ក
១៣.លោកជំទាវ ឌិត នីតា ដែលជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាភិបាល

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាភិបាលគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីធីត។
លោកជំទាវបានចូលរួមក្នុងវិស័យមីក្រូហិរញ្ញវត្ថុដំបូងក្នុងតួនាទីជានាយិកាប្រតិបត្តិនៃគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីធីត មុនពេលចូលកាន់តួនាទីជាប្រធានក្រុមប្រឹក្សាភិបាលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយនេះ។
លោកជំទាវក៏មានតួនាទីជាក្រុមប្រឹក្សាភិបាលនៅវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ (IBF) និងជាអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) អាណត្តិមុនផងដែរ។
ចំពោះការសិក្សាវិញ លោកជំទាវបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ និងបរិញ្ញាបត្រពាណិជ្ជកម្មពីសាកលវិទ្យាល័យ Australian National University ក្នុងប្រទេសអូស្រ្តាលី និងជា Chartered Banker by Experience ដែលទទួលស្គាល់ដោយវិទ្យាស្ថាន Chartered Banker Institute នៅចក្រភពអង់គ្លេស។
អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម លោក សុខ វឿន បច្ចុប្បន្នជាប្រធាននាយកប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី។ លោកក៏ជាសមាជិកនៃ Certified Management Accountant (CMA) ជាសមាជិកវិទ្យាស្ថានគណនេយ្យសាធារណៈ (IPA) ជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមធនាគារនៅកម្ពុជា។
លោក សុខ វឿន មានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារ រួមមានការគ្រប់គ្រងទៅលើការអភិវឌ្ឍន៍ឌីជីថល ការអភិវឌ្ឍផលិតផល ភាពជាអ្នកដឹកនាំ ការគ្រប់គ្រងលើឥណទាន ហានិភ័យ ហិរញ្ញវត្ថុ និងធនធានមនុស្ស។
លោក សុខ វឿន បានទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ជំនាញហិរញ្ញវត្ថុ និងធនាគារ នៅសាកលវិទ្យាល័យបៀលប្រាយក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០០៥ និងបានទទួលបរិញ្ញាបត្រវិទ្យាសាស្ត្រសេដ្ឋកិច្ចក្នុងការគ្រប់គ្រងសហគ្រាសនៅអតីតមហាវិទ្យាល័យនីតិសាស្ត្រ និងសេដ្ឋកិច្ចក្នុងឆ្នាំ២០០០។
គួរបញ្ជាក់ថា ក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ព្រមទាំងមានសិទ្ធិអំណាចចាំបាច់ ដើម្បីធានាដល់ការគ្រប់គ្រង និងចាត់ចែងកិច្ចការ និងទ្រព្យសម្បត្តិសមាគមឱ្យបានពេញលេញ និងត្រឹមត្រូវ។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គឺជាសមាគមវិជ្ជាជីវៈមិនរកប្រាក់ចំណេញ មានគោលដៅធានាថា ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបទទួលបានសេវាហិរញ្ញវត្ថុផ្លូវការប្រកបដោយភាពសម្បូរបែប និងទាន់ពេលវេលាតាមរយៈការប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព ៕

លោក ស៊ុ ម៉ាណេត