ឯកឧត្ដម ទេព នីថា៖ គ.ជ.ប តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ដើម្បីធ្វើយ៉ាងណាឱ្យការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ប្រព្រឹត្តទៅបានល្អបំផុត និងត្រឹមត្រូវតាមច្បាប់កំណត់
ភ្នំពេញ៖ ឯកឧត្ដម ទេព នីថា អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ថ្វីត្បិតតែការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺជាការបោះឆ្នោតអសកល ដែលអ្នកបោះឆ្នោត និងអង្គបោះឆ្នោត គឺជាតំណាងរាស្រ្តក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែងក៏ដោយ ក៏ថ្នាក់ដឹកនាំ គ.ជ.ប ជាពិសេសឯកឧត្តមប្រធាន គ.ជ.ប តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ដើម្បីធ្វើយ៉ាងណាឱ្យការបោះឆ្នោតនេះប្រព្រឹត្តទៅបានល្អបំផុត និងត្រឹមត្រូវតាមច្បាប់កំណត់។ ការបញ្ជាក់នេះ ក្នុងពិធីវគ្គបណ្ដុះបណ្ដាលដល់មន្រ្តីបោះឆ្នោត គណបក្សនយោបាយ និងភាគីពាក់ព័ន្ធស្ដីពី “ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត” សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។
ឯកឧត្ដមបានគូសបញ្ជាក់ថា ការងារនេះអាចសម្រេចទៅបាន គឺអាស្រ័យដោយមន្រ្តីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ មានការយល់ដឹងច្បាស់អំពីច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ដើម្បីត្រៀមអនុវត្ត និងចូលរួមសហការអនុវត្តតាមមុខការរៀងៗខ្លួន។ ហេតុនេះហើយទើប គ.ជ.ប ត្រូវរៀបចំវគ្គបណ្តុះបណ្តាលនៅគ្រប់ដំណាក់កាលទាំងអស់ រួមទាំងវគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃនេះ ដើម្បីផ្តល់នូវការយល់ដឹងពាក់ព័ន្ធនឹងកិច្ចប្រតិបត្តិការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត ប្រកបដោយភាពត្រឹមត្រូវ ច្បាស់លាស់ និងមានការទទួលខុសត្រូវ។

អគ្គលេខាធិការ គ.ជ.ប បានបញ្ជាក់ទៀតថា ពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយ គ.ជ.ប តែងតែបានដកបទពិសោធន៍ពីចំណុចខ្លាំង និងចំណុចខ្សោយនៃការរៀបចំ ការគ្រប់គ្រង និងការប្រព្រឹត្តទៅនៃដំណើរការបោះឆ្នោតមុនៗ មកធ្វើជាមូលដ្ឋានក្នុងការកែលម្អលក្ខណៈបច្ចេកទេសនៃការបោះឆ្នោតជាបន្តបន្ទាប់ឱ្យកាន់តែល្អប្រសើរថែមទៀត តាមរយៈការរៀបចំបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ដែលមានការចូលរួមពិគ្រោះ និងផ្តល់យោបល់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ជាក់ស្តែង គ.ជ.ប បានរៀបចំបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដោយយកលំនាំតាមបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលការបោះឆ្នោតនេះត្រូវបានវាយតម្លៃជាទូទៅថា មានភាពល្អប្រសើរជាងការបោះឆ្នោតលើកមុនៗ ព្រមទាំងត្រូវបានប្រតិភូសង្កេតការណ៍បោះឆ្នោតអន្តរជាតិកោតសរសើរអំពីដំណើរការបោះឆ្នោត ក៏ដូចជាការងារបច្ចេកទេស។
ទន្ទឹមនឹងនេះ អគ្គលេខាធិការ គ.ជ.ប បានស្នើឱ្យគ្រប់គណបក្សនយោបាយ និងភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់ ត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត រួមនឹងក្រមសីលធម៌ ដើម្បីចូលរួមធ្វើឱ្យការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ខាងមុខនេះ ប្រព្រឹត្តទៅទទួលបានលទ្ធផលល្អប្រសើរ និងស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងច្បាប់ពាក់ព័ន្ធជាធរមាន៕
ដោយ៖ពលជ័យ
រូបភាព៖គ.ជ.ប


