លោក ថាក់ស៊ីន នឹងត្រូវដោះលែងពីពន្ធនាគារថៃ នៅថ្ងៃអាទិត្យស្អែកនេះ

បាងកក៖ នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin នៅថ្ងៃសៅរ៍នេះ ថ្លែងថា អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra នឹងត្រូវបានដោះលែងចេញពីពន្ធនាគារ នៅថ្ងៃអាទិត្យស្អែកនេះ។

លោក Srettha បានប្រាប់អ្នកសារព័ត៌មានថា លោក Thaksin នឹងត្រូវដោះលែងនៅថ្ងៃទី១៨ ខែកុម្ភៈនេះ ហើយថា អ្វីៗគ្រប់យ៉ាងនឹងត្រូវអនុវត្តទៅតាមច្បាប់។ ការប្រកាសនេះកើតឡើង បន្ទាប់ពីរដ្ឋមន្រ្តីយុត្តិធម៌ថៃ លោក Tawee Sodsong ថ្មីៗនេះ បាននិយាយថា លោក Thaksin ដែលមានវ័យ ៧៤ឆ្នាំ នឹងស្ថិតក្នុងចំណោមអ្នកទោសប្រមាណ ៩៣០នាក់ ដែលត្រូវបានអនុញ្ញាតឱ្យដោះលែងឆាប់ៗនេះ។

លោក Thaksin ដែលធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីថៃចំនួន២អាណត្តិ និងត្រូវបានទម្លាក់ពីតំណែងដោយរដ្ឋប្រហារក្នុងឆ្នាំ ២០០៦ បានជាប់ឃុំក្នុងពន្ធនាគារកាលពីខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីរូបលោកធ្វើមាតុភូមិនិវត្តន៍ ត្រឡប់ចូលប្រទេសថៃវិញ ក្រោយរស់នៅនិរទេសខ្លួននៅបរទេសអស់១៥ឆ្នាំ ដើម្បីគេចពីការកាត់ទោសដាក់ពន្ធនាគារ។

ដំបូងឡើយ លោក Thaksin ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល៨ឆ្នាំ ពីបទរំលោភអំណាច និងជម្លោះផលប្រយោជន៍។ តែទោសនេះត្រូវបានបន្ធូរបន្ថយមកនៅត្រឹម ១ឆ្នាំ ក្រោយរូបលោកត្រឡប់ចូលស្រុកវិញ និងបានអនុវត្តទោសជាប់ឃុំរយៈពេល ៦ខែ ក្នុងមន្ទីរពេទ្យមួយរបស់ប៉ូលិស ដោយសារបញ្ហាសុខភាព៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner