រដ្ឋមន្ត្រីក្រសួងបរិស្ថានចុះសិក្សាស្វែងយល់ពីសក្តានុពល ទេសចរណ៍ធម្មជាតិ និង វប្បធ៌ម ដើម្បីអភិវឌ្ឍន៍ គោលដៅកម្សាន្តបៃតង នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»
(ភ្នំពេញ)៖ ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបាន ចុះសិក្សា ស្វែងយល់ពីសក្តានុពល ទេសចរណ៍ធម្មជាតិ និងវប្បធ៌ម ដើម្បីអភិវឌ្ឍន៍ គោលដៅ កម្សាន្តបៃតង នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន។
ក្រសួងបរិស្ថានបានឧ្យដឹងថាក្នុងដំណើរទស្សនៈកិច្ចដែលធ្វើឡើងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចុះពិនិត្យលើ គោលដៅ សំខាន់ចំនួនរួមមាន មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ពើងថ្មជ្រួញ ទីតាំងបោះតង់អូរតាចក់ ពិនិត្យទីតាំងវត្តចាស់ ជាទី ដែល មានភាពទាក់ទាញនៃធម្មជាតិ ទឹកជ្រោះ ល្អាងថ្ម និងពើងធម្មជាតិបង្កប់នូវរូបចម្លាក់ បុរាណ ជាពិសេស ចម្លាក់បាតស្ទឹងជាស្នាដៃសល្បៈដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរ បាន បង្កប់នូវអត្ថន័យសំខាន់ៗ ខាងជំនឿសាសនា ធ្វើឱ្យមានការចាប់អារម្មណ៍ទាំង មជ្ឈដ្ឋានជាតិ និងអន្តជាតិ។
គួរបញ្ជាក់ថានៅក្នុងវេទិកាលើកទី១៩ នៃរាជរដ្ឋាភិបាល និងវិស័យឯកជន នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា បានកំណត់យកឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» ជាគោលដៅទេសចរណ៍ធម្មជាតិ។ និងអនុលោមតាម«យុទ្ធសាស្រ្តបញ្ចកោណ» ដំណាក់កាលទី១ និងឈរលើមូលដ្ឋានគ្រឹះនៃ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ឆ្នាំ២០២៣-២០២៨ ក្រសួងបរិស្ថានបានរៀបចំកម្មវិធីចុះសិក្សាស្វែងយល់ព័ត៌មានជាមូលដ្ឋានសម្រាប់ការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិនៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» សំដៅលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ការអភិរក្សប្រព័ន្ធជីវៈចម្រុះ និងវប្បធម៌ប្រពៃណី ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់ជំនាន់។
ក្រោមការគាំទ្ររបស់គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) បាននឹងកំពុងជួយលើការរៀបចំផែនការ និងគ្រប់គ្រងតំបន់ការពារធម្មជាតិ (ពង្រឹងការអនុវត្តច្បាប់ សាងសង់ស្នាក់ការ) សាងសងហេដ្ឋារចនាសម្ព័ន្ធ និងសម្បទា ទេសចរណ៍ រួមមាន សាងសង់ផ្លូវកៅស៊ូប្រវែង ១៤ គ.ម អគារពហុបំណង (អាហារដ្ឋាន និងសាលប្រជុំ) ទីលានបោះជំរុំ ការរៀបចំប្រព័ន្ធផ្លូវទស្សនាចរណ៍ ក្លោងទ្វា ចំណតយានយន្ត កញ្ចុះលំហែកាយ តូបលក់អាហារ ។ល។ និង ជួយពង្រឹង ខ្សែច្រវ៉ាក់តម្លៃជ្រូកគូលែន នៅសហគមន៍តំបន់ការពារធម្មជាតិចំនួន ៥ (សហគមន៍ ព្រៃធំអន្លង់ធំ ព្រៃភ្នំម្នាស់ ជប់តាសុខ ព្រៃភ្នំក្តួច ព្រៃធំពពេល) និង ទឹកស្អាត និង អនាម័យ នៅសហគមន៍ព្រៃធំអន្លង់ធំ។
សូមរំលឹកថាឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» ជាតំបន់ប្រវត្តិសាស្រ្ត ដ៏មានសារៈសំខាន់ ដែលបានរក្សាទុកនូវសំណង់ ប្រវត្តិសាស្រ្តជាច្រើនកន្លែង មានដូចជា ប្រាសាទបុរាណ ស្ថានីយ៍បុរាណ ធនធានធម្មជាតិ និងប្រព័ន្ធជីវៈ ចម្រុះដ៏សំបូរបែប ជាពិសេសជាតំបន់ដែលបង្កប់ទៅដោយជំនឿ ប្រពៃណី របស់ជនជាតិខ្មែរតាំងពីបុរាណកាលមក៕
ដោយ ៖ ម៉ាដេប៉ូ










