អ្នកនាំពាក្យ គ.ជ.ប៖ ថ្ងៃទីប្រាំបី នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ បានប្រព្រឹត្តទៅដោយរលូន

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាថ្ងៃទីប្រាំបី នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតទាំង៤គណបក្ស បានធ្វើសកម្មភាពឃោសនាបោះឆ្នោតតាមលទ្ធភាព និងមធ្យោបាយរៀងៗខ្លួន ដើម្បីផ្សព្វផ្សាយអំពីកម្មវិធីនយោបាយរបស់គណបក្សនយោបាយខ្លួនដល់អ្នកបោះឆ្នោត។

ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ប្រាប់ AMS ថា រយៈពេលឃោសនា ៨ថ្ងៃនេះ មិនមានពាក្យបណ្តឹងណាមួយនោះទេ ហើយស្ថាប័នពាក់ព័ន្ធគណបក្សនយោបាយ មន្ត្រីបោះឆ្នោត គណៈអចិន្ត្រៃយ៍សន្តិសុខសម្រាប់ការបោះឆ្នោត ព្រមទាំងអាជ្ញាធរដែនដីមានកិច្ចសហការគ្នា ដើម្បីដោះស្រាយនៅបញ្ហាតូចតាចដែលកើតមានឡើង។ ប៉ុន្តែជានីតិវិធីឃើញថា គណបក្សនយោបាយ និងភាគីពាក់ព័ន្ធសុទ្ធតែបានអនុវត្តត្រឹមត្រូវទៅតាមនីតិវិធី។ រយៈពេល ៨ថ្ងៃនេះ ដំណើរការឃោសនាបានប្រព្រឹត្តទៅដោយរលូនគ្មានអ្វីដែលគួរឱ្យកត់សម្គាល់ជាដុំកំភួននោះទេ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី១៧ ខែកុម្ភៈ នេះបានឱ្យដឹងថា បានតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ទាំង២៥ នៅតាមមណ្ឌលភូមិភាគទាំង៨ គឺពុំមានការហែក្បួនឃោសនាបោះឆ្នោតទេ ប៉ុន្តែសកម្មភាពឃោសនាផ្សេងទៀតត្រូវបានធ្វើឡើងជាធម្មតា ក្នុងនោះ៖
-គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពនៅគ្រប់ភូមិភាគ តាមរយៈការជួបប្រជុំ ការចែកខិត្តបណ្ណ និងការចាក់មេក្រូផ្សព្វផ្សាយតាមទីស្នាក់ការគណបក្ស។
-គណបក្សឆន្ទៈខ្មែរ បានធ្វើសកម្មភាពនៅតាមភូមិភាគនានា លើកលែងតែភូមិភាគទី២ ដោយបានជួបប្រជុំ និងចាក់មេក្រូផ្សព្វផ្សាយតាមទីស្នាក់ការគណបក្ស។
-គណបក្សហ៊្វុនស៊ិនប៉ិច បានចាក់មេក្រូផ្សព្វផ្សាយតាមទីស្នាក់ការគណបក្សនៅខេត្តកំពត នៃភូមិភាគទី៥ និងខេត្តព្រះសីហនុ នៃភូមិភាគទី៧ និងជួបប្រជុំនៅខេត្តស្ទឹងត្រែង នៃភូមិភាគទី៨ ។
-គណបក្ស កម្លាំងជាតិ បានជួបប្រជុំ និងលើកស្លាកគណបក្សនៅខេត្តបន្ទាយមានជ័យ នៃភូមិភាគទី៤។

គ.ជ.ប បញ្ជាក់ថា ជាទូទៅ ការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនៅថ្ងៃនេះ គឺបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។

សូមជម្រាបថា ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ រីឯការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៧:០០ព្រឹក ដល់ម៉ោង ៣:០០រសៀល។ អ្នកបោះឆ្នោត ជាតំណាងរាស្ត្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែង សរុបចំនួន ១១,៧៤៧ នាក់ ដែលបែងចែកជា ៨ ភូមិភាគ និង ៣៣ ការិយាល័យបោះឆ្នោត៕
ដោយ៖ពលជ័យ

ads banner