អ្នកនាំពាក្យស្នងការក្រុងភ្នំពេញ៖ ស្ថានភាពសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយក្នុងរាជធានីភ្នំពេញ គឺមានភាពល្អប្រសើរ មិនដូចអ្វីដែលស្ថានទូតរុស្ស៊ីបានលើកឡើងនោះទេ

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកត់សម្គាល់ឃើញមានការចេញផ្សាយលើប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម ដោយស្ថានទូតសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធការសម្តែងនូវភាពព្រួយបារម្ភអំពីបញ្ហាសន្តិសុខ នៅក្នុងរាជធានីភ្នំពេញ ពិសេសតាមដងមហាវិថីព្រះស៊ីសុវត្ថិ។

ពាក់ព័ន្ធករណីខាងលើនេះ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការអះអាងថា បច្ចុប្បន្ននេះស្ថានភាពសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយក្នុងរាជធានីភ្នំពេញ គឺមានភាព ល្អប្រសើរ មិនដូចអ្វីដែលស្ថានទូតសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជាបានលើកឡើងនោះទេ និងសូមបញ្ជាក់ជូនសាធារណជនដូចខាងក្រោមៈ
១-ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តែងតែយកចិត្តទុកដាក់ធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិទាំងអស់ ដែលកំពុងរស់នៅ និងមកលេងកម្សាន្តនៅក្នុងរាជធានីភ្នំពេញគ្រប់កាលៈទេសៈទាំងអស់ ដោយបានចាត់ទុកការងារនេះ មានភាពសារៈសំខាន់ និងចាំបាច់បំផុត។
២-គ្រប់បទល្មើសដែលបានកើតឡើង ត្រូវបានសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ ចាត់វិធានការដោះស្រាយ និងខិតខំស្រាវជ្រាវឱ្យអស់លទ្ធភាព ដើម្បីឈានទៅបង្ក្រាបមុខសញ្ញាប្រព្រឹត្តល្មើសមកផ្ដន្ទាទោស តាមនីតិវិធីច្បាប់។ ទន្ទឹមគ្នានោះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំយន្តការ ផែនការ និងដាក់ចេញវិធានការផ្សេងៗ ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសទាំងអស់ឱ្យកាន់តែមានប្រសិទ្ធភាព។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ ជាតិ និងអន្តរជាតិទាំងអស់ សូមកុំមានការព្រួយបារម្ភអំពីបញ្ហាសន្តិសុខ សុវត្ថិភាព ក្នុងរាជធានីភ្នំពេញ ដូចការចេញផ្សាយខាងលើ។ ក្នុងករណីមានបញ្ហាកើតឡើង សូមទំនាក់ទំនងរាយការណ៍អំពីហេតុការណ៍ភ្លាមៗ មកកាន់ប៉ុស្តិ៍នគរបាល រដ្ឋបាលដែលនៅជិតបំផុត ឬ តាមរយៈលេខទូរស័ព្ទ Hotline: ១១៧ និង ០១២ ៩៩៩ ៩៩៩ ដើម្បីសមត្ថកិច្ច ធ្វើការដោះស្រាយបានទាន់ពេលវេលា៕

ads banner