សមាគមប្រជាពលរដ្ឋខ្មែរចំនួន៥ នៅប្រទេសអូស្រ្តាលី និងនូវ៉ែលហ្សេឡង់ គាំទ្រយ៉ាងពេញទំហឹងទាំងស្រុងចំពោះការដាក់ចេញនូវបទបញ្ជា ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត
ភ្នំពេញ៖ សមាគមប្រជាពលរដ្ឋខ្មែរចំនួន៥ នៅប្រទេសអូស្រ្តាលី និងនូវ៉ែលហ្សេឡង់ បានសម្តែងនូវការពេញចិត្តជាខ្លាំង និងសូមគាំទ្រយ៉ាងពេញទំហឹងទាំងស្រុងចំពោះការដាក់ចេញនូវបទបញ្ជា ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយបញ្ជាឱ្យគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រួតពិនិត្យជាប្រចាំ ចំពោះមន្ត្រីរាជការគ្រប់ប្រភេទ ប្រសិនបើមានការប្រើប្រាស់គ្រឿងញៀន ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់ ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្ដេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង។
នៅក្នុងញ្ញត្តិគាំទ្ររបស់សមាគមប្រជាពលរដ្ឋខ្មែរចំនួន៥ នៅប្រទេសអូស្រ្តាលី និងនូវ៉ែលហ្សេឡង់ បានប្រកាសជាឱឡារិកគាំទ្រយ៉ាងពេញទំហឹងទាំងស្រុងចំពោះការដាក់ចេញនូវ បទបញ្ជាលេខ០១បប ស្តីពី ការដាក់ចេញវិធានការម៉ឹងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដោយបញ្ជាឱ្យគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា ដែលស្ថិតក្រោមឱវាទរបស់ខ្លួន និងត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ក្នុងករណីរកឃើញថាបានប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។
ញ្ញត្តិគាំទ្របានបន្តថា គោលគំនិតដ៏ឧត្តុង្គឧត្តមរបស់សម្តេចមហាបវរធិបតី ក្នុងបទបញ្ជាស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាគតិបណ្ឌិតដ៏ត្រឹមត្រូវបំផុត ប្រកបដោយគុណតម្លៃដ៏វិសេសវិសាល ក្នុងការថែរក្សាកិត្តិយស សេចក្តីថ្លៃថ្នូរ និងភាពស្អាតស្អំរបស់មន្ត្រីរាជការ និងកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ដែលត្រូវដើរតួជាជនគំរូដ៏ល្អក្នុងការបម្រើប្រជាជន និងជាសសរទ្រូងដ៏សំខាន់បំផុតរបស់ប្រទេស ជាតិ គឺទាមទារឱ្យមានសុខភាពល្អ កម្លាំងមាំមួន បញ្ញាឈ្លាសវៃ ភាពស្មោះត្រង់ និងមានសីលធម៌ គុណធម៌ល្អជានិច្ច ដើម្បី ចូលរួមថែរក្សាការពារសុខសន្តិភាព ស្ថិរភាព ឯករាជ្យភាព បូរណភាពទឹកដី និងការអភិវឌ្ឍជាតិមាតុភូមិឱ្យកាន់តែសម្បូររុងរឿងជានិច្ចនិរន្តរ៍។ ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ វាមិនត្រឹមតែបំផ្លាញជីវិត កិត្តិយស និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន និង ក្រុមគ្រួសារប៉ុណ្ណោះទេ វាថែមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងប្រសិទ្ធភាពការងាររបស់ក្រសួង ស្ថាប័នជាពិសេសប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខសាន្តរបស់ប្រជាជនថែមទៀតផង។
ជាថ្មីម្តងទៀត យើងខ្ញុំសូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ក្នុងជួរមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីជាប់កិច្ចសន្យា ដើម្បី រក្សាឱ្យបាននូវកិត្តិយស សេចក្តីថ្លៃថ្នូរ និងភាពស្អាតស្អំរបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដែលជាកម្លាំងចលករស្នូលរបស់ជាតិ៕
ដោយ៖ពលជ័យ




