រដ្ឋមន្រ្តីក្រសួងការបរទេស៖ ក្នុងរយៈពេល៦ខែ ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឱ្យវិស័យកាទូតមានភាពរីកចម្រើនលើឆាកអន្តរជាតិ

ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងរយៈពេល៦ខែ ដែលរាជរដ្ឋាភិបាលបានបង្កើតឡើងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យវិស័យកាទូតមានភាពរីកចម្រើនលើឆាកអន្តរជាតិដោយធ្វើការទំនាក់ទំនងជាមួយបណ្តាប្រទេសជាមិត្ត ក៏ដូចបណ្តាប្រទេសផ្សេងៗ ទោះស្ថិតក្នុងស្ថានភាពពិភពលោកមានការប្រែប្រួលសកលពហុនិយមពីមួយឆ្នាំទៅមួយឆ្នាំមានការតានតឹងពីសង្គ្រាមយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ខ្ជាប់នៅគោលនយោបាយសន្តិភាពផ្សះផ្សាជាតិនៅក្នុងតំបន់ ក៏ដូចជាក្នុងឆាកអន្តរជាតិ។

ការបញ្ជាក់នេះ នៅក្នុងកិច្ចប្រជុំជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា ដឹកនាំប្រតិភូគណៈកម្មការទី៥ និងតំណាងគណៈកម្មការពាក់ព័ន្ធនានា នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីសិក្សាស្វែងយល់ពីគោលនយោបាយការបរទេសកម្ពុជា ការទូតសេដ្ឋកិច្ច ភាពជាដៃគូក្នុងតំបន់ និងអន្តរជាតិ នៅក្នុងរបត់ពិភពលោកមួយដែលមានលក្ខណៈពហុប៉ូល ពហុសណ្ឋាន និងស្មុគស្មាញ ដែលបាននាំមកនូវការផ្លាស់ប្តូរនៃទំនាក់ទំនងអន្តរជាតិជ្រាលជ្រៅ ឆាប់រហ័ស ពិបាកប៉ាន់ស្មាន។

រដ្ឋមន្រ្តីក្រសួងការបរទេសបានបញ្ជាក់ថា ក្រោមការដឹកនាំ និងចង្អុលបង្ហាញពីសំណាក់សម្តេចបវរធិបតី ក្រសួងបានដាក់ចេញនៅយុទ្ធសាស្ត្រក្នុងការទំនាក់ទំនងការទូតទាំងផ្នែកនយោបាយ ផ្នែកសេដ្ឋកិច្ច ផ្នែកពាណិជ្ជកម្ម ដើម្បីធ្វើយ៉ាងណាកៀរគរអ្នកវិនិយោគិនឱ្យមកធ្វើវិយោគទន់នៅកម្ពុជាឱ្យកាន់តែច្រើន ដើម្បីធ្វើឱ្យមានទីផ្សារការងារសម្រាប់បងប្អូនប្រជាពលរដ្ឋ ជាពិសេសធ្វើឱ្យសេដ្ឋកិច្ចជាតិមានភាពរីកចម្រើន៕
ដោយ៖ពលជ័យ
រូបភាព៖រដ្ឋសភា

ads banner