បារាំងបាញ់ទម្លាក់យន្តហោះដ្រូនពីរគ្រឿងនៅសមុទ្រក្រហម

ប៉ារីស ៖ ក្រសួងការពារជាតិបារាំង នៅថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ថា កងទ័ពជើងទឹកបារាំងបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ឬហៅថា ដ្រូនចំនួនពីរគ្រឿង នៅតំបន់សមុទ្រក្រហម ជាទីដែលក្រុមឧទ្ទាមហ៊ូទីរបស់ប្រទេសយេម៉ែន កំពុងបើកការវាយប្រហារជាបន្តបន្ទាប់ទៅលើនាវាដឹកទំនិញ។

កងទ័ពជើងទឹកបារាំង ដែលត្រូវបានដាក់ពង្រាយជាមួយនឹងនាវាចម្បាំងចំនួនពីរគ្រឿង ចាប់បានសញ្ញាគំរាមកំហែងកាលពីយប់ថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយបានកម្ទេចយន្តហោះគ្មានមនុស្សបើកចំនួនពីរគ្រឿង។

ដោយឡែកកាលពីយប់ថ្ងៃចន្ទ និងថ្ងៃអង្គារសប្តាហ៍នេះ កងទ័ពជើងទឹកបារាំងក៏បានរាយការណ៍ពីការបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួនពីរគ្រឿងផ្សេងទៀតផងដែរ។

ការវាយប្រហាររបស់បារាំងនេះកើតឡើង បន្ទាប់ពីសហភាពអឺរ៉ុប កាលពីថ្ងៃចន្ទ បានចាប់ផ្តើមបេសកកម្មកងទ័ពជើងទឹកជាផ្លូវការ ដើម្បីការពារការដឹកជញ្ជូនតាមផ្លូវទឹកនៅតំបន់សមុទ្រក្រហម ពីការវាយប្រហាររបស់ក្រុមហ៊ូទី ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែក និងគ្រប់គ្រងភាគច្រើននៃទឹកដីប្រទេសយេម៉ែន ដែលហែកហួរដោយសារសង្រ្គាម។

ពួកឧទ្ទាមនេះបាននឹងកំពុងយាយីផ្លូវដឹកជញ្ជូនដ៏សំខាន់នៅតំបន់សមុទ្រក្រហម ចាប់តាំងពីខែវិច្ឆិកា នៅក្នុងយុទ្ធនាការដែលពួកគេនិយាយថា មានសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ក្នុងកំឡុងសង្គ្រាមរវាងអ៊ីស្រាអែល និងហាម៉ាស៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner