រយៈពេលជាង ១៧ឆ្នាំ ទាហានមួកខៀវកម្ពុជា ជាង ៩ពាន់នាក់ បានចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព

(ភ្នំពេញ)៖ តាមរយៈសារលិខិតក្នុងឱកាសប្រារព្ធខួប លើកទី២៥ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៤ ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់គ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះក្នុងសហគមន៍» សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា កម្ពុជា ជាប្រទេសមួយធ្លាប់បានឆ្លងកាត់ និងទទួលរងនូវការបំផ្លិចបំផ្លាញដោយសង្គ្រាមរ៉ាំរ៉ៃ ព្រមទាំងប្រឈមនឹងបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមយ៉ាងធ្ងន់ធ្ងរ ដែលបង្កឱ្យប្រជាជនស្លូតត្រង់ស្លាប់ របួស និងពិការរាប់ពាន់នាក់ ប៉ុន្តែកម្ពុជា នៅបន្តខិតខំចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុរក្សាសន្តិភាព និងសកម្មភាពបោសសម្អាតមីន ទូទាំងសកលលោក ក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ ។

សម្ដេចធិបតី បានបន្តថា គិតពីឆ្នាំ២០០៦មក កម្ពុជា បានខិតខំចែករំលែក និងបញ្ជូនកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងអ្នកអង្កេតការណ៍របស់ខ្លួនដើម្បីចូលរួមចំណែកសម្រាល ទុក្ខលំបាកជូនដល់ប្រទេសផ្សេងៗដែលរងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដូចជាប្រទេស ស៊ូដង់ ប្រទេសស៊ូដង់ខាងត្បូង ប្រទេសលីបង់ ប្រទេសស៊ីរី ប្រទេសស៊ីប ប្រទេសយេម៉ែន ប្រទេសឆាដ ប្រទេសម៉ាលី ប្រទេសអាហ្វ្រិកកណ្តាល និងប្រទេសកុងហ្គោ។ ជាសមិទ្ធផល កម្ពុជាទទួលបានស្នាដៃដ៏ធំធេងជាច្រើន ដូចជា ការបោសសម្អាតមីន ការកម្ទេចគ្រាប់មិនទាន់ផ្ទុះ ការស្ថាបនាសំណង់ផ្ដេក សំណង់បញ្ឈរ ជួសជុលថែទាំព្រលាន យន្តហោះ ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ និងបំពេញការងារមនុស្សធម៌ផ្សេងៗ ដល់ប្រជាជន ក្នុងតំបន់បេសកកម្ម ដែលមានហានិភ័យខ្ពស់។

សម្ដេចបញ្ជាក់ថា នៅឆ្នាំ២០២៣ កម្ពុជា បន្តទទួលបានលំដាប់លេខ២ ក្នុងការបរិច្ចាគកម្លាំងវីរយុទ្ធនារី ក្នុងបណ្តាសហគមន៍អាស៊ាន និងលំដាប់លេខរៀងទី១២ ក្នុងចំណោម ១២០ប្រទេស ដែលបាន បរិច្ចាគកងកម្លាំងក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ រយៈពេលជាង១៧ឆ្នាំកន្លងទៅនេះ ទាហានមួកខៀវកម្ពុជា ចំនួន ៩ ២៨១នាក់ ក្នុងនោះនារី៧៥៣នាក់ បានចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព។ ដោយវីរភាពក្នុងបុព្វហេតុ សន្តិភាពនេះហើយ ទាហានមួកខៀវទាំងនោះបានក្លាយជាគ្រួសារមួយរបស់អង្គការសហប្រជាជាតិ និងជាបងប្អូន លើសកលលោកដែលបានជួយផ្ដល់នូវស្ថិរភាពមួយផ្នែកក្នុងពិភពលោក ។

ក្នុងសារលិខិត សម្ដេចធិបតី បានថ្លែងថា ក្នុងកម្រិតអង្គការសហប្រជាជាតិ ក្នុងនាមជារដ្ឋភាគីសកម្មនៃអនុសញ្ញាស្តីពីការហាមប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីន (ហៅកាត់ អនុសញ្ញាអូតាវ៉ា) ក្នុងខែតុលា ឆ្នាំ២០២៣ កម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងបរិបទនៃសិទ្ធិជនមានពិការភាព ដែលមាន៤៥ប្រទេសចូលរួម។ ទន្ទឹមនឹងនេះ កម្ពុជាមានកិត្តិយសដ៏ខ្ពង់ខ្ពស់ដែលត្រូវបានរដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ដែលមានសមាជិក១៦៤ប្រទេស បោះឆ្នោតជ្រើសតាំងជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ដែលកម្ពុជាប្រសិទ្ធនាមជា “កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន» ដែលគ្រោងប្រព្រឹត្តទៅនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ ។

ជាមួយនឹងសមិទ្ធផលគួរជាទីមោទនៈនេះ សម្ដេចនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងស្មោះស្ម័គ្របំផុតជូនចំពោះប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍ ប្រតិបត្តិករជាតិ និងអន្តរជាតិ សប្បុរសជន ជាពិសេសកងកម្លាំងដោះមីន ដែលបានខិតខំចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការបោសសម្អាតមីនលក្ខណៈមនុស្សធម៌នេះ ដែលទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ បានចាត់ទុកសកម្មភាពបោសសម្អាតមីន ជាការងារអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមផ្តល់សុខសុវត្ថិភាព ការជំរុញការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ។

ថ្វីបើវិស័យសកម្មភាពមីន បាននិងកំពុងទទួលលទ្ធផលដ៏ធំធេងយ៉ាងណាក៏ដោយ កម្ពុជាត្រូវធ្វើការ បោសសម្អាតផ្ទៃដីដែលមានម៉ឺនចំនួន ៥៣៣គីឡូម៉ែត្រការ៉េ និងសំណល់ជាតិផ្ទុះពីសង្គ្រាមរួមទាំងគ្រាប់បែកចង្កោម ចំនួន ១ ៣២១គីឡូម៉ែត្រការ៉េបន្ថែមទៀត ដើម្បីសម្រេចបានតាមផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨- ២០២៥ និងចក្ខុវិស័យ «កម្ពុជាគ្មានមិនឆ្នាំ២០២៥»។ ជាមួយគ្នានេះ ការងារអប់រំកាត់បន្ថយគ្រោះថ្នាក់ ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅតែជាកិច្ចការដ៏ចាំបាច់មួយ ក្នុងការកាត់បន្ថយ គ្រោះថ្នាក់ និងផលប៉ះពាល់អវិជ្ជមាន ដោយសារគ្រឿងផ្ទុះនៅតាមសហគមន៍ ដែលត្រូវតែយកចិត្តទុកដាក់ ៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner