ប្រជាពលដ្ឋកម្ពុជា និយមចូលចិត្តបរិភោគគ្រំចំពុះទា កាន់តែច្រើនឡើង

(ខេត្តកោះកុង)៖ បន្ទាប់ពីគ្រំចំពុះទា ឬអ្នកស្រុកហៅថាខ្យងចំពុះទាត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយមក នាពេលបច្ចុប្បន្នគ្រំមួយប្រភេទនេះកាន់តែទទួលការនិយមបរិភោគច្រើនឡើង ពីសំណាក់ពលរដ្ឋកម្ពុជាមិនថាក្នុងរាជធានីភ្នំពេញ ឬតាមបណ្តាខេត្តមួយចំនួនទៀតក្នុងប្រទេសកម្ពុជាឡើយ។

លោក វង្ស តារា អនុប្រធានតំបន់ការពារធម្មជាតិ ពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្ត កោះកុង បានឱ្យដឹងថា”នាពេលនេះពលរដ្ឋកម្ពុជាបានចាប់អារម្មណ៍ និងចូលចិត្តបរិភោគគ្រំចំពុះទា កើនឡើង។ យើងឃើញថា ការគាំទ្ររបស់អតិថិជន ក្នុងស្រុកបានកើនឡើងប្រមាណ ២៥ភាគរយដែលកាលពីមុនការលក់ក្នុងស្រុកបានតែប្រមាណ១០ ទៅ ១៥ភាគរយប៉ុណ្ណោះ។ ការលក់គ្រំចំពុះទា ក្នុងស្រុកច្រើនតែតាមផ្សារទំនើបតូចធំ ភោជនីយដ្ឋាន ។ ពេលនេះគ្រំចំពុះទាដែលកែច្នៃរួចហើយលក់ចេញក្នុងមួយខែបានជិត ២តោន និង ក្នុងនេះបើគិតជាឆ្នាំនេះវិញគឺបានប្រមាណជិត ២០តោន”។

ទោះបីយ៉ាងណា លោកបានត្អូញត្អែរដែរថា ការនាំចេញទៅកាន់ប្រទេសថៃ និង វៀតណាម ក្នុងឆ្នាំនេះ មានការថយចុះខ្លាំង។ ធ្វើឱ្យគ្រំចំពុះទាមានការកកស្ទះ ហើយទីផ្សារក្នុងស្រុកក៏ស្រូបទាញយកមិនអស់ធ្វើឱ្យប្រជាសហគមន៍ក្នុងឆ្នាំនេះជួបបញ្ហាលំបាកច្រើន ។
លោកបានបញ្ជាក់ប្រាប់ថា”សម្រាប់ទីផ្សារប្រទេសថៃឆ្នាំនេះអត់ឃើញគេចុះមកទិញទេ ហើយបើប្រទេសវៀតណាមវិញគឺគេបានទៅទិញនៅសហគមន៍ជ្រោយប្រស់។សហគមន៍ការពារធម្មជាតិពាមក្រសោប ឆ្នាំនេះអត់ឃើញគេចុះមកទិញទេ”។

លោក វង្ស តារា អនុប្រធានតំបន់ការពារធម្មជាតិ ពាមក្រសោបបានលើកឡើងឱ្យដឹងផងថា៖ សម្រាប់គ្រំចំពុះទា ស្រស់ទាំងសំបក អាចលក់បានក្នុងតម្លៃជាង ១០០០រៀល ទៅ២០០០រៀលក្នុងមួយគីឡូក្រាម។ ចំណែកសាច់គ្រំសុទ្ធដែលបកសំបករួចហើយ មានតម្លៃចន្លោះពី ៤០០០រៀលទៅ ៦០០០រៀល ក្នុងមួយគីឡូក្រាម ។

លោកថា៖ទោះគ្រំបកសំបករួច លក់សាច់ គឺបានថ្លៃជាងពិតមែន ប៉ុន្តែ បើបូកបញ្ជូលទាំងការចំណាយកម្លាំងពលកម្ម ចំណាយពេលបក គឺមិនចំណេញ ដូចការលក់ទាំងសំបកនោះទេ ។ ម្យ៉ាងវិញទៀត គ្រំសាច់សុទ្ធ មួយគីឡូ ស្មើនឹងគ្រុះសំបកពី ១២ ទៅ១៥គីឡូ ដូចនេះពលរដ្ឋទាំងអស់ គឺនិយមលក់គ្រំចំពុះទានេះទាំងសំបកតែម្ដង។

អនុប្រធានតំបន់ការពារធម្មជាតិ ពាមក្រសោបរូបនេះបានឱ្យដឹងបន្ថែមថា សហគមន៍តំបន់ការពារធម្មជាតិ ពាមក្រសោប ខេត្ កោះកុង អាចផលិតគ្រំចំពុះទា សម្រាប់ផ្គត់ផ្គង់លើទីផ្សារ បានប្រមាណ ២.៥០០ ដល់ជាង ៣.០០០ តោន ក្នុង ១រដូវ ហើយជាទូទៅ សហគមន៍ អាចប្រមូលផលគ្រំចំពុះទា ពីខែវិច្ឆិកា ដល់ខែមីនា ជារៀងរាល់ឆ្នាំ។

គ្រំចំពុះទាមានការចិញ្ចឹមអស់កាលជាច្រើនឆ្នាំមកហើយពីសំណាក់ពលរដ្ឋ រស់នៅចំនួន ៣ឃុំប៉ុណ្ណោះ គឺឃុំពាមក្រសោប ស្ថិតនៅស្រុកមណ្ឌលសីមា ចំណែកឃុំកាពិ និងឃុំជ្រោយប្រស់ ស្ថិតនៅ ស្រុកកោះកុង ។ ដោយការចិញ្ចឹមនៅលើផ្ទៃសរុបប្រមាណ ៥០០ហិកតា ហើយក្នុងមួយឆ្នាំៗទិន្នផលគ្រំចំពុះទាមានប្រមាណ ៥០០០-៦000តោន ដោយក្នុងមួយគ្រួសារអាចរកចំណូលបានចន្លោះពី៤ពាន់៥រយ ទៅ៦ពាន់ដុល្លារក្នុងមួយឆ្នាំ។

គួរបញ្ជាក់ថា គ្រំមួយប្រភេទនេះគេអាចកែច្នៃជាមុខម្ហូបច្រើនមុខ ហើយវាមានឱជារសឆ្ងាញ់ ជាងគ្រំ ឬខ្យងទឹកសាបទៅទៀត។ ក្រៅពីនេះគេអាចកែច្នៃធ្វើជា ស្លម្ជូរគ្រឿង ស្រុះជ្រលក់ ឆាក្រៀម ញាំ អាំងឆាក្តៅ ស្ងោជ្រក់ជាដើម។ ពិសេសនៅបរទេសវិញគេអាចយកទៅកែច្នៃជាម្ហូបបែបអឺរ៉ុប និងអាចយកទៅដាក់ជាមួយភីហ្សាផងដែរ។ មុខម្ហូបដែលច្នៃពីគ្រំចំពុះទានេះ មានតម្លៃជាង ១០ដុល្លារ និងមានគ្រំតែ ៥ ឬ ៦គ្រាប់តែប៉ុណ្ណោះ ៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner