សម្តេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប្រជុំទ្វេភាគីដើម្បីពិភាក្សាលើវិស័យ នៃកិច្ចសហប្រតិបត្តិការជាច្រើន ដែលផ្តល់ប្រយោជន៍ទៅវិញទៅមកដល់ប្រទេស ទាំងពីរ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម ដាតុស៊េរី អាន់វ៉ា ស៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី ចូលរួមកិច្ចប្រជុំទ្វេភាគីដើម្បីពិភាក្សាលើវិស័យនៃកិច្ចសហប្រតិបត្តិការជាច្រើន ដែលផ្តល់ប្រយោជន៍ទៅវិញទៅមកដល់ប្រទេសទាំងពីររួមមាន នយោបាយ សន្តិសុខ ពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ ការងារ ឧស្សាហកម្មអាហារ ហាឡាល់ ទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យាឌីជីថល និងសន្តិសុខថាមពល។ កិច្ចប្រជុំនេះ បានធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ខណៈពេលដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។

ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យសម្តេចធិបតីនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីទៅកាន់ប្រទេសម៉ាឡេស៊ីនាឱកាសនេះ នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។ សម្តេចធិបតីនឹងមានជំនួបទ្វេភាគីជាមួយឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ស៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី ដែលនឹងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតចំពោះចំណងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅលើវិស័យជាច្រើនរួមមានៈ វិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ វិស័យការពារជាតិ និងសន្តិសុខ ការងារទេសចរណ៍ បច្ចេកវិទ្យាឌីជីថល សន្តិសុខថាមពលជាដើម។

ឯកឧត្តម មាស សុភ័ណ្ឌ បានបន្តថា ថ្នាក់ដឹកនាំទាំងពីរនឹងផ្លាស់ប្តូរទស្សនគ្នាទៅលើបញ្ហាតំបន់ និងអន្តរជាតិ ដែលបម្រើទៅដល់ផលប្រយោជន៍រួមនៃប្រទេសទាំងពីរ និងតំបន់ផងដែរ។ ថ្នាក់ដឹកនាំទាំងពីរក៏នឹងអញ្ជើញជាសាក្សីនៅក្នុងពិធីចុះហត្ថលេខាលើឯកសារអនុស្សារណៈយោគយល់គ្នាចំនួនបីផងដែរ។ ថ្នាក់ដឹកនាំទាំអពីរក៏អញ្ជើញធ្វើសន្និសីទសារព័ត៌មានរួមគ្នាផងដែរ។

អ្នកនាំពាក្យបានបន្តទៀតថា បន្ថែមពីកម្មវិធីជំនួបទ្វេភាគី សម្តេចធិបតីក៏នឹងមានកម្មវិធីសំខាន់ៗមួយចំនួនបន្ថែមទៀតផងដែររួមមាន សម្តេចធិបតី នឹងចូលក្រាបបង្គំគាល់ព្រះចៅ យ៉ាំង ឌី-ពើទាន់ អាហ្គុង ទី១៧ ស៊ុលតង់ ស៊ីប្រាហ៊ីម ស៊ុលតង់ ស៊ីកានដា ព្រះមហាក្សត្រ នៃប្រទេសម៉ាឡេស៊ីនៅ ព្រះបរមរាជវាំង Istana Negara។ សម្តេចធិបតី ក៏នឹងមានជំនួបជាមួយ ឯកឧត្តម ដាទុ ម៉ូតាំង តាហ្កាល់ ប្រធានព្រឹទ្ធសភា និងឯកឧត្តមបណ្ឌិត ហ្សូហារី ប៊ីន អាប់ឌុល ប្រធានរដ្ឋសភាម៉ាឡេស៊ី នៅវិមានរដ្ឋសភាផងដែរ។ សម្តេចធិបតី ក៏នឹងអញញជើញជាអធិបតី នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី ឆ្នាំ២០២៤ ហើយសម្តេចធិបតីថ្លែងសន្ទរកថាគន្លឹះស្តីពីគោនយោបាយសេដ្ឋកិច្ចនៃរាជរដ្ឋាភិបាលកម្ពុជា និងទំនាក់ទំនងសេដ្ឋកិច្ចកម្ពុជា-ម៉ាឡេស៊ី ផងដែរ៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner