ទីបំផុត ស៊ុយអែតអាចចូល NATO បានហើយ ក្រោយសភាហុងគ្រីបើកភ្លើងបៃតង

ប៊ុយដាប៉ែស៖ ប្រទេសស៊ុយអែត ក្នុងថ្ងៃចន្ទ បានជំនះឧបសគ្គចុងក្រោយរបស់ខ្លួនបានហើយ ដើម្បីចូលជាសមាជិកអង្គការណាតូ បន្ទាប់ពីសភារបស់ប្រទេសហុងគ្រីបានផ្តល់សច្ចាប័នលើការដេញថ្លៃ នៅក្នុងអ្វីដែលនាយករដ្ឋមន្ត្រីស៊ុយអែតហៅថា ជា “ថ្ងៃប្រវត្តិសាស្ត្រ”។

ការអនុម័តរបស់សភាហុងគ្រីនាពេលនេះ បានបញ្ចប់ការពន្យារពេលជាច្រើនខែ លើការផ្លាស់ប្តូរគោលនយោបាយសន្តិសុខរបស់ស៊ុយអែត ហើយបានធ្វើឡើងក្រោយទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson នៅប្រទេសហុងគ្រី កាលពីសប្តាហ៍មុន។ លោក Kristersson បានបង្ហោះសារនៅលើបណ្តាញសង្គម X ថា ថ្ងៃនេះ ជាថ្ងៃប្រវត្តិសាស្រ្ត… ស៊ុយអែតត្រៀមខ្លួនរួចរាល់ហើយ ដើម្បីទទួលខុសត្រូវចំពោះសន្តិសុខនៅតំបន់អាត្លង់ទិក-អឺរ៉ុប។

ជាមួយគ្នានេះ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg និយាយថា ស៊ុយអែតនឹងធ្វើឱ្យសម្ព័ន្ធភាពយោធានេះកាន់តែរឹងមាំ និងមានសុវត្ថិភាពជាងមុន ខណៈដែលសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តមហាអំណាច ក៏ដូចជាចក្រភពអង់គ្លេស និងអាល្លឺម៉ង់បានស្វាគមន៍ការចូលជាសមាជិករបស់ស៊ុយអែតនាពេលខាងមុខនេះ។រីឯអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ ក៏បានអះអាងដែរថា សមាជិកភាពស៊ុយអែតនៅក្នុងអង្គការណាតូ នឹងជួយពង្រឹងសម្ព័ន្ធភាពការពារជាតិរបស់យើងជាមួយស៊ុយអែត ក៏ដូចជាសន្តិសុខនៃតំបន់អឺរ៉ុប និងពិភពលោក។

គួរកត់សម្គាល់ថា ទាំងស៊ុយអែត និងហ្វាំងឡង់ បានដាក់ពាក្យចូលជាសមាជិកអង្គការណាតូក្នុងឆ្នាំ២០២២ ស្ថិតក្រោមហេតុផលមានការគំរាមកំហែងពីរុស្ស៊ី ដែលកំពុងធ្វើសង្គ្រាមប្រឆាំងអ៊ុយក្រែន។ ហើយការចូលជាសមាជិករបស់ស៊ុយអែត និងហ្វាំងឡង់ គឺជាការពង្រីកខ្លួនដ៏សំខាន់បំផុតសម្រាប់អង្គការណាតូ ចាប់តាំងពីប្រមូលបានសមាជិកមកពីប៉ែកអឺរ៉ុបខាងកើត ក្រោយអតីតសហភាពសូវៀតដួលរលំកាលពីឆ្នាំ១៩៩១៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner