ពីរខែដើមឆ្នាំនេះ ខេត្តកែបប្រមូលអំបិលបានជិតបួនពាន់តោន

កែប៖អំបិលខេត្តកែបឆ្នាំនេះទទួលបានទិន្នផលខ្ពស់គួរឱ្យកត់សម្គាល់ ។គិតត្រឹមរយៈពេលជិតពីរខែដើមឆ្នាំនេះ អំបិលប្រមូលបាន ជិតបួន ពាន់តោន ដែលទិន្នផលនេះ កើនឡើងស្មើនឹង១០០ដង បើធៀបជា មួយរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើយោងតាមអ្នក ផលិត អំបិលអះអាង ។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបក្នុងពេលអញ្ជើញពិនិត្យ ដំណើរការផលិតអំបិលនៅក្នុងខេត្តកែបរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានពេញចិត្តចំពោះលទ្ធផលដែលទទួលបាន។ឯកឧត្តមក៏បានលើកទឹកចិត្តដល់ម្ចាស់ស្រែអំបិលបន្តផលិតបន្ថែមទៀត ព្រោះនេះជាកេរដំណែលពីដូនតាបន្សល់ទុក។ផលិតផលអំបិលនេះដែរ រាជរដ្ឋាភិបាលចាត់ទុកជាទំនិញយុទ្ធសាស្រ្ត។

តាមតួលេខមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ខេត្តកែប បានឱ្យដឹងថា បច្ចុប្បន្នខេត្តកែប មានទីតាំងផលិត អំបិល ចំនួនប្រាំពីរទីតាំងលើផ្ទៃដីផលិតជាក់ស្តែងចំនួន ៣៣១ហិកតា នៃផ្ទៃដីសរុប៤៩៧ ហិកតា។ ក្នុងនោះឃ្លាំងស្តុកអំបិលមាន ចំនួន ៤៤ឃ្លាំង ដែលបានផ្ដល់ការងារចំនួន១៩៣នាក់៕


ដោយ៖ សិលា សារិន

ads banner