Sony PlayStation កាត់បន្ថយបុគ្គលិក ៩០០នាក់

តូក្យូ៖ ក្រុមហ៊ុន Sony PlayStation ថ្មីៗនេះ បានប្រកាសនឹងបញ្ឈប់ការងារចំនួន ៨ភាគរយនៃកម្លាំងពលកម្មសកលរបស់ខ្លួន ដោយសារតែឧស្សាហកម្មបច្ចេកវិទ្យា បន្តទទួលរងនូវរលកនៃការកាត់បន្ថយការងារ។

ដោយហៅការប្រកាសនេះថា ជា “ដំណឹងសោកសៅ” ប្រធានផលិតម៉ាស៊ីនហ្គេម PlayStation លោក Jim Ryan និយាយថា ការកាត់បន្ថយបុគ្គលិកនេះ នឹងប៉ះពាល់ដល់មនុស្សប្រមាណ ៩០០នាក់នៅទូទាំងពិភពលោក រួមទាំងស្ទូឌីយ៉ូបង្កើតវីដេអូហ្គេមផងដែរ។

បើតាមក្រុមហ៊ុន Sony ការជម្រុះបុគ្គលិកនេះ នឹងធ្វើឱ្យស្ទឌីយ៉ូ PlayStation London របស់ក្រុមហ៊ុន ដែលបង្កើតឡើងក្នុងឆ្នាំ២០០២ និងមានឯកទេសលើគម្រោងបង្កើតហ្គេមអនឡាញបិទដំណើរការទាំងស្រុង។

ដោយឡែកស្ទូឌីយ៉ូរបស់សហរដ្ឋអាមេរិក Insomniac Games និង Naughty Dog ក៏រងផលប៉ះពាល់ផងដែរ។ ការកាត់បន្ថយបុគ្គលិកនេះដែរ កើតឡើងបន្ទាប់ពីក្រុមហ៊ុន Sony ក្នុងខែកុម្ភៈនេះព្រមានថា ការលក់ម៉ាស៊ីនហ្គេម PlayStation 5 នឹងមិនអាចសម្រេចបានតាមគោលដៅកំណត់ឡើយ។

ដោយឡែកក្រុមហ៊ុន Microsoft កាលពីខែមករាក៏បានអះអាងដែរថា ខ្លួនកំពុងបញ្ឈប់បុគ្គលិកចំនួន ១,៩០០នាក់ ឬ៨ភាគរយ នៅក្នុងផ្នែកហ្គេមរបស់ខ្លួន ខណៈដែល Microsoft បានច្របាច់បញ្ចូលគ្នានូវការទិញយកក្រុមហ៊ុនផលិតវីដេអូហ្គេម Activision។

សរុបមក កាលពីឆ្នាំមុន ឧស្សាហកម្មបច្ចេកវិទ្យារបស់ពិភពលោក បានជម្រុះបុគ្គលិករហូតដល់ ២៦០,០០០នាក់ នេះបើយោងតាមគេហទំព័រ layoffs.fyi ដែលជាគេហទំព័រមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា ដែលតាមដានវិស័យនេះ។ គិតមកដល់ឆ្នាំ២០២៤ ឧស្សាហកម្មបច្ចេកវិទ្យារបស់ពិភពលោក បានបញ្ឈប់បុគ្គលិកមានចំនួន ៤៣.៩៥៧នាក់នៅក្នុងក្រុមហ៊ុនចំនួន ១៧១៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner