សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនិងចូលរួមកិច្ចប្រជុំកំពូលប្រធានសភាស្រ្តី នៅបារាំង
ភ្នំពេញ៖សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា កាលពីយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនិងចូលរួមកិច្ចប្រជុំកំពូល ប្រធានសភាស្រ្តីនៅសាធារណរដ្ឋបារាំងរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។ដំណើរទស្សនកិច្ច នេះតបតាមការអញ្ជើញរបស់លោកជំទាវ យ៉ាអ៊ែល ប្រូន ពីវេ (Yaël Braun-Pivet) ប្រធានរដ្ឋសភានៃសាធារណរដ្ឋបារាំង។

ដំណើទស្សនកិច្ចនាពេលនេះធ្វើឡើងក្នុងគោលបំណងជំរុញលើកកម្ពស់ទំនាក់ទំនងស្ថាប័ននីតិប្បញ្ញត្តិនិងទំនាក់ទំនាក់ទំនង រវាងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-បារំាងឱ្យកាន់តែជិតស្និទ្ធ។បន្ថែមពីនេះដំណើរទស្សនកិច្ចនេះក៏ជាឱកាសមួយដើម្បីពង្រឹងវិស័យការទូតសភាកម្ពុជាជាមួយសភានានានៅលើសកលលោក ជាពិសេសការលើកកម្ពស់សមភាពយេនឌ័រគោលការណ៍ ពហុភាគីនិយម ដើម្បីថែរក្សាការពារសុខសន្តិភាព ស្ថិរភាព និងវិបុលភាពសង្គមប្រកបដោយចីរភាព និងបរិយាបន្ន។
ប្រភពរដ្ឋសភាបានឱ្យដឹងថា កិច្ចប្រជុំកំពូលប្រធានសភាស្រ្តីនាឆ្នាំ២០២៤ នេះនឹងមានការអញ្ជើញចូលរួមពី ប្រធានសភាជាស្រ្តីនៅទូទាំងពិភពលោកមកពីប្រទេសចំនួន២៥ប្រទេសសំដៅជំរុញបន្ថែមនូវការទូតសភាប្រកបដោយភាពបុរេសកម្មដែលគិតគូរពីបញ្ហាស្រ្តីនិងក្មេងស្រីការលើកកម្ពស់សិទ្ធិស្រ្តីនៅទូទាំងពិភពលោកនិងការប្រឆាំងរាល់ទម្រង់នៃអំពើហិង្សាលើស្ត្រី។ សំខាន់ជាងនេះទៅទៀតសភាដើរតួនាទីនាំមុខ ក្នុង ការជំរុញឱ្យមានសមភាពរវាងស្ត្រីនិងបុរសតាមរយៈការតាក់តែង និងអនុម័តច្បាប់ពាក់ព័ន្ធសំខាន់ៗ។ កិច្ចប្រជុំកំពូលនេះមានវេទិកាតុមូលសំខាន់ ចំនួនពីរ រួមមាន៖ (១)ការអប់រំប្រកបដោយ សមភាពការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាលើស្ត្រីនិងសុខភាពស្ត្រី(២)សមភាពនិងចំនួនស្មើគ្នារវាងស្ត្រីនិងបុរសក្នុងវិស័យនយោបាយ និងការអះអាងអំពីតួនាទីគម្រូរបស់ស្ត្រី។

ដោយឡែកក្នុងកំឡុងទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋបារាំង សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងមានជំនួបសំខាន់ៗ ដែលក្នុងនោះមាន ជំនួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាបារាំង ប្រធានរដ្ឋសភាឥណ្ឌូនេស៊ី ប្រធានរដ្ឋសភា អាល្លឺម៉ង់ ប្រធានរដ្ឋសភាប៊ែលហ្ស៊ីក និងប្រធានរដ្ឋសភាតង់ហ្សានី ព្រមទាំងចូលរួមពិធីសម្ពោធការតាំងពិព័រណ៍ ឧទ្ទិសដល់សិទ្ធិនយោបាយរបស់ស្រ្តីនៅលើពិភពលោក។ ក្រៅពីជំនួបពិភាក្សាការងារជាមួយប្រធានសភាជាស្រ្តី សម្តេចរដ្ឋសភាធិបតី ក៏នឹងមានជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូនៃសភានិយាយភាសាបារាំង(APF) ផងដែរ ដើម្បីជំរុញបន្ថែមវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង APF និងសភាកម្ពុជា។
គណៈប្រតិភូរដ្ឋសភាកម្ពុជាក៏នឹងមានជំនួបដាច់ដោយឡែកជាមួយក្រុមមិត្តភាពសភាកម្ពុជា-បារាំង គណៈកម្មការសង្គមកិច្ចនៃរដ្ឋសភាបារាំង និងជំនួបរវាងអគ្គលេខាធិការ នៃរដ្ឋសភាកម្ពុជា និងរដ្ឋសភាបារាំងផងដែរ៕
ដោយ៖ពលជ័យ

