សារមន្ទីរ ខេត្តបាត់ដំបងដែលមានចំណាស់ជាង ៥៦ឆ្នាំផ្តល់ឱកាស ដល់ទេសចរ និងសិស្ស-និស្សិត

បាត់ដំបង៖សារមន្ទីរខេត្តបាត់ដំបងស្ថិតនៅផ្លូវលេខ១ទល់មុខ សួន ច្បារ ដងស្ទឹងសង្កែចំពីមុខ”វិមានឯករាជ្យ”ក្រុងបាត់ដំបង។ ដំបូង ឡើយសារមន្ទីរនេះត្រូវបានសម្ពោធដាក់ឱ្យដំណើរការទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិនិងសាធារណជនទូទៅចូលទស្សនានៅក្នុង អំឡុងឆ្នាំ១៩៦៨ ក្រោមព្រះរាជាធិបតីភាពរបស់ករុណា ព្រះបរម រតនកោដ្ឋ (ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ)។ក្រោយពេលប្រទេសកើតភាពវឹកវរដោយសារសង្គ្រាមនៅក្នុងចន្លោះឆ្នាំ១៩៧៥-១៩៧៩ សារមន្ទីរនេះត្រូវបានប្រែ ក្លាយជា”គុកដាក់អ្នក ទោស” នៃរបបពួកខ្មែរក្រហម។វត្ថុសមុច្ច័យមួយចំនួនធំ នៅទីនេះក៏ ត្រូវបានទុកចោលរាយប៉ាយ និង រប៉ាត់រប៉ាយនៅក្នុងអគារ។សមុច្ច័យ ខ្លះក៏ត្រូវបានគេបញ្ជូនទៅរក្សាទុកនៅឯក្នុងសារមន្ទីរជាតិភ្នំពេញមុនពេលសង្គ្រាមកើត ឡើង។ជាពិសេសសមុច្ច័យ ដែលធ្វើពីលោហៈ។

រហូតដល់ឆ្នាំ១៩៩៧ក្រសួងវប្បធម៌និងវិចិត្រសិល្បៈក្រោមជំនួយផ្នែកហិរញ្ញវត្ថុពីកម្មវិធីសីលា-ឃែរេរេក៏ត្រូវបានជួសជុលនូវ ផ្នែកខ្លះនៃអគារ និងបានសាងសង់ឃ្លាំងទុកដាក់ ថែរក្សាវត្ថុនូវសមុច្ច័យទាំងនេះឡើង វិញ។ នៅឆ្នាំ២០០៩រាជរដ្ឋាភិបាលកម្ពុជា បានខិតខំពង្រីកបន្ទប់ សម្រាប់ដាក់តាំងពិព័រណ៍បន្ថែមទៀតដោយបានសាងសង់ស្លាបថ្មីនូវផ្នែកទាំងសងខាងរបស់អគារនិងបានពង្រីកបន្ថែមនូវបន្ទប់ ទទឹងថ្ងៃ។

បន្ទាប់មក នៅក្នុងអំឡុងឆ្នាំ២០១៥ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការជាមួយអង្គការមិត្តវប្បធម៌ខ្មែរ
(Friends of Khmer Culture) បានសម្រេចធ្វើការជួសជុល និង រៀបចំការតាំងពិព័រណ៍ឡើងវិញជាថ្មីម្តងទៀត។ពិព័រណ៍នេះ ត្រូវបាន រៀបចំឡើងវិញ ក្នុងបរិបទថ្មីមួយ ដោយបាបដាក់តាំងបង្ហាញនូវ “វត្ថុសមុច្ច័យ”ដែលមាន នៅក្នុងទឹកដី ខេត្តបាត់ដំបង ដែលបាន បន្សល់ ទុកពីអតីតកាលនិងនាពេលបច្ចុប្បន្ននេះ។

តាមរយៈនៃការផ្តល់កិច្ចសម្ភាសន៍ លោក គឹម សោភ័ណ ប្រធាន មន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈខេត្តបាត់ដំបងបានឱ្យដឹងថា សារមន្ទីរ ខេត្ត បាត់ដំបងបាននិងកំពុងដើរតួនាទីច្រើនយ៉ាងក្នុងការផ្តល់នូវឱកាសលើការសិក្សា ធ្វើការស្រាវជ្រាវផ្នែកវប្បធម៌ និងអរិយធម៌ខ្មែរបុរាណ និងតាមរយៈនៃវត្ថុសមុច្ច័យ(វត្ថុថ្មចម្លាក់) ដែលបានដាក់តាំង បង្ហាញជូនភ្ញៀវដែលមកទស្សនា នៅទីនេះ។

លោកប្រធានមន្ទីរបានបង្ហាញពីការរំពឹងទុកថា”សារមន្ទីរខេត្ត”នឹងទទួលបាននូវកំណើនភ្ញៀវចូលមកទស្សនាកម្សាន្តនៅក្នុងសារមន្ទីរបានកាន់តែច្រើនឡើងថែមទៀត។ខណៈដែលឆ្នាំ២០២៣កន្លងទៅ នេះ សារមន្ទីរខេត្តដ៏វ័យចំណាស់មួយនេះទទួលបានភ្ញៀវចូលទស្សនាប្រមាណជាង៤០០០នាក់ពោលមានការកើនឡើងគួរឱ្យកត់សម្គាល់ក្រោយពីបញ្ចប់នូវវិបត្តិពីការរាតត្បាតជំងឺកូវីដ។

ក្នុងឱកាសនេះលោកក៏បានថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ចនិងប្រជាពលរដ្ឋដែលបានប្រគល់វត្ថុបុរាណដល់ មន្ទីរវប្បធម៌ដើម្បី យក មករក្សាតម្កល់ទុកនៅក្នុងសារមន្ទីរខេត្តសម្រាប់ឱ្យកូន ខ្មែរជំនាន់ ក្រោយបានធ្វើការសិក្សានិងស្វែងយល់។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរជាពិសេសសិស្សនិស្សិតឱ្យចូលមកទស្សនានៅក្នុងសារមន្ទីរខេត្តបាត់ដំបង ដែលបានរៀបចំឡើងវិញនូវការដាក់តាំងវត្ថុសមុច្ច័យដើម្បីឱ្យភ្ញៀវដែលចូលមកទស្សនាបានសិក្សាស្វែងយល់ពីវប្បធម៌ ដ៏រុងរឿង របស់បុព្វបុរសខ្មែរបានបន្សល់ទុក។

យុវសិស្ស ដែលបានមកទស្សនា និងកំពុងតែផ្តោតអារម្មណ៍លើថ្ម ចម្លាក់ដាក់តាំងបានបង្ហាញទស្សនៈផ្ទាល់ខ្លួននិង អត្ថប្រយោជន៍ របស់សារមន្ទីរមួយនេះចាត់ទុកសារមន្ទីរវ័យចំណាស់មួយនេះ គឺជាឃ្លាំងចំណេះដឹងដ៏សំខាន់សម្រាប់ការសិក្សាស្រាវជ្រាវ របស់ ខ្លួននិងមិត្តភ័ក្ត្រ ព្រមទាំងសម្រាប់សិស្ស-និស្សិតដទៃទៀត
ទាំង ក្នុង ខេត្តនិងក្រៅខេត្ត។

គួរឱ្យដឹងផងដែរថា ការរៀបចំទុកដាក់និងការដាក់តាំងបង្ហាញ នៅទីនេះ មានគោលបំណងសំខាន់ចង់ឱ្យអ្នកដែលបានមក ទស្សនា ក្នុងសារមន្ទីរនេះបានស្គាល់ពីអារ្យធម៌ដ៏ចំណាស់ ខណៈខេត្តបាត់ ដំបង មានគឺ”ស្ថានីយបុរេប្រវត្តិល្អាងស្ពាន” ប្រាង្គប្រាសាទ និង វត្ថុបុរាណនានា ដែលមានតាំងពីសម័យមុនអង្គររហូតដល់ពាក់ កណ្ដាល សតវត្សរ៍ទី២០។

ម៉្យាងវិញទៀតក៏ដើម្បីរួមគ្នាក្នុងការថែរក្សានិងលើកតម្លៃមរតកវប្បធម៌របស់បុព្វបុរសខ្មែរដែលបានបន្សល់ទុក ។ ពិព័រណ៍នេះ ក៏ជាសារ អំពាវនាវដល់ជន្មានុជន ក្នុងន័យស្វែងរកត្រឡប់មកវិញ នូវវត្ថុដទៃ ទៀត ដែលបានបាត់ពីសារមន្ទីរនេះ និងពីសារមន្ទីរវត្តពោធិ៍វាល កាលពីសម័យសង្គ្រាម នៅក្នុងចន្លោះនៃទសវត្សឆ្នាំ១៩៧០ ផងដែរ។

សូមបញ្ជាក់ថានៅក្នុងសារមន្ទីរខេត្តបាត់ដំបងវត្ថុសមុច្ច័យដែលបានដាក់តាំងបង្ហាញសម្រាប់ជូនភ្ញៀវទស្សនាមានចំនួន២៣៣ដុំ ដែល ភាគច្រើន គឺជាវត្ថុធ្វើអំពីថ្មភក់ លង្ហិន ស្ពាន់ លោហៈ កុលាភាជន៍និង វត្ថុកំណាយផ្សេងៗដោយរៀបចំទៅតាមនៃកាលប្បប្រវត្តិនីមួយៗ ចាប់តាំងពីសម័យបុរេប្រវត្តិរហូតដល់ពាក់កណ្ដាលសតវត្សរ៍ទី២០។ផ្នែកខ្លះក៏រៀបចំទៅតាមសាច់រឿងនៃទេវកថាដែលបានបញ្ជាក់លើវត្ថុផ្ទាល់ ដោយបានបង្ហាញពីឈុតឆាកសំខាន់ៗនៅក្នុងព្រហ្មញ្ញសាសនា និងពុទ្ធសាសនាដែលខ្មែរមានជំនឿនិងបានប្រតិបត្តិតាំងពីបុរាណកាលរៀងមក។

ជាពិសេសទៀតនោះក៏ជាការបង្ហាញពីភាពសម្បូរបែបនៃផ្ទាំងថ្មចម្លាក់លើផ្តែរទ្វារ ថ្មសិលាចារឹកពាក់ព័ន្ធសាច់រឿងដ៏ល្អនិង ប្លែកៗដែលឆ្លាក់ នៅលើថ្មគោលទាំងនោះ៕
(អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប)

ads banner