ពេជ្រធម្មជាតិ និងជំនឿ

ភ្នំពេញ៖ ឆ្លងកាត់ពីមួយសម័យកាល ទៅមួយសម័យកាល ផ្នត់គំនិត និងវប្បធម៌របស់មនុស្សបានបង្កើតនូវអបិជំនឿ និងព្រេងនិទាន ជាច្រើនអំពីពេជ្រធម្មជាតិ។
តាមឯកសារស្រាវជ្រាវបានបង្ហាញថា ពេជ្រធម្មជាតិ គឺជាពេជ្រដែលបង្កើតឡើងដោយធម្មជាតិសុទ្ធសាធនៅចន្លោះពី ១៤០ ទៅ ១៩០ គីឡូម៉ែត្រ ពីផ្ទៃផែនដី ដោយប្រើពេលរាប់សិបលានឆ្នាំដើម្បីកកើត ។ ធាតុផ្សំសំខាន់ៗរបស់ពេជ្រធម្មជាតិមានបីកត្តា ដូចជា ធាតុកាបូន(Carbon – 95%), កំដៅ (ចន្លោះពី៩០០ទៅ១៣២៥ អង្សារសេ) និងសម្ពាធ (៤៥០០០ដង នៃសម្ពាធធម្មតា)។

ផ្អែកទៅលើភាពកម្រ ភាពស្រស់ស្អាត និងភាពរឹងមាំរបស់ពេជ្រធម្មជាតិបានធ្វើឱ្យវាក្លាយទៅជារបស់មានតម្លៃ និងជាវត្ថុដែលមនុស្សមានជំនឿនិងប្រើប្រាស់ជាប្រចាំ ថ្ងៃរហូតដល់បច្ចុប្បន្ន។

អបិយជំនឿ និង ព្រេងនិទានដែលទាក់ទងនឹងពេជ្រធម្មជាតិ រមែងតែងតែផ្សារភ្ជាប់ទៅនឹងកត្តាសុខភាព ចំណេះដឹង និងស្នេហា។លើសពីនេះទៅទៀត សម័យកាលនិងប្រទេសនីមួយៗសុទ្ធតែមានជំនឿ ទៅលើពេជ្រធម្មជាតិខុសៗគ្នា។

ចំពោះសម័យឥណ្ឌាដែលជាប្រភពនៃការកកើតឡើងនៃពេជ្រធម្មជាតិ និងជាភ្នាក់ងារដែលបានផ្សព្វផ្សាយពេជ្រ ធម្មជាតិទៅកាន់ពិភពលោក តាំងពីឆ្នាំ៣២០-២៩៦ មុនគ្រិស្តសករាជមកម៉្លេះ ដោយប្រទេសនេះមានជំនឿថា ពេជ្រធម្មជាតិអាចសង្គ្រោះពួកគេពីជំងឺវិកលចរិត ,ការពារពីការវាយប្រហារពីផ្លេកបន្ទោរ និងគ្រោះមហន្តរាយផ្សេងៗ។ជាពិសេសចំពោះមេទ័ពឥណ្ឌាដែលរៀបចេញច្បាំងក្នុងសមរភូមិតែងតែមានជំនឿថា ពេជ្រធម្មជាតិ ជាវត្ថុដ៏មហិមា ដែលត្រូវបានព្រះប្រទានឱ្យនូវកម្លាំងមហិទ្ធរិទ្ធដែលអាចជួយការពារ និងផ្ដល់នូវថាមពលទៅដល់ពួកគេ។ ជាក់ស្ដែងព្រះអាទិទេពក្រឹស្ណៈក៏បានមានបន្ទូលថា “នៅពេលដែលទ្រង់បានគ្រងវត្ថុដ៏មានតម្លៃនេះ គ្រោះមហន្តរាយទាំងឡាយតែងតែរលាយបាត់”។

ក្រឡេកទៅមើលសតវត្សទី១ គ្រិស្តសករាជនៃសម័យរ៉ូម៉ាំង និងក្រិកវិញ ពួកគេជឿថាពេជ្រធម្មជាតិ ជាតំណក់ទឹកភ្នែករបស់ព្រះ និងខ្លះជឿថាជា បំណែកដែលបានបែកចេញពីផ្កាយ វាអាចការពារមនុស្សពីកម្លាំងអរូបិយ ទាំងឡាយដែលតាមយារយីដូចជា ភ្នែកបិសាច (Evil eyes O) ដែលកម្លាំងនេះបានបង្កនូវភាពអន្តរាយ ភាពឈឺចាប់ សំណាងអាក្រក់ និងអាចឈានទៅរកសេចក្ដីស្លាប់ទៅកាន់អ្នក ដែលទទួលបានការសំលឹងពីកម្លាំងនេះដែលធ្វើអោយមនុស្សជាច្រើន ជាពិសេសស្ត្រីតែងតែជាវ គ្រឿងពេជ្រធម្មជាតិ មកប្រើប្រាស់ដែលភាគច្រើនជាខ្សែកដែលមានភ្ជាប់ជាមួយបន្តោងពេជ្រធម្មជាតិដោយសង្ឃឹមថាពន្លឺ និង ភាពចែងចាំងរបស់វានឹងអាចជួយពួកគេឱ្យគេចផុតពីកម្លាំងអរូបិយនេះ។

តើអ្នកទាំងអស់គ្នាដែលឆ្ងល់ទេថានៅតាមបណ្តាប្រទេសជាច្រើនគេតែងនិយមពាក់ចិញ្ចៀនភ្ជាប់ពាក្យនិងរៀបការ នៅម្រាមដៃនាងនៃដៃឆ្វេង? ព្រោះវាមានសរសៃឈាមមួយនៅក្នុងម្រាមនេះដែលភ្ជាប់ទៅកាន់បេះដូង ដោយបែបនេះហើយទើបគេជ្រើសរើសពាក់ចិញ្ចៀននៅដៃនេះដើម្បីបញ្ជាក់ពីនិមិត្តសញ្ញានៃក្តីស្រលាញ់ ដែលជំនឿនេះកើត ចេញពីសម័យអេហ្ស៊ីបកាលពី៥ ០០០ឆ្នាំមុន។ ម្យ៉ាងទៀត ពួកគេជ្រើសរើសពេជ្រធម្មជាតិ ជាវត្ថុដែលតំណាងអោយ ស្នេហាអមតៈ ដោយសារពេជ្រធម្មជាតិគឺនិរន្តរ៏ ‘Diamond is forever””។

ចំពោះ សម័យអឺរ៉ុប ផ្តើមឡើងពីមហាវីរក្សត្រអេឡិចស៊ែនដឺរ (Alexander the great) នៅឆ្នាំ ៣២៧ មុន The Sign of The Cross គ្រិស្តសករាជ ទ្រង់ជាបុគ្គលដំបូងដែលបាននាំចូលពេជ្រធម្មជាតិ ចូលទៅក្នុងអាណាចក្រអឺរ៉ុបបន្ទាប់ពីលុកលុយឥណ្ឌា។ក្នុងសម័យនោះ គេជឿថា ពេជ្រធម្មជាតិ អាចជួយព្យាបាលមនុស្សពីជំងឺអាសន្នរោគ និងទុក្ខវេទនាទាំងឡាយដោយគ្រាន់តែពួកគេកាន់ពេជ្រធម្មជាតិហើយធ្វើសញ្ញាឈើឆ្កាង (ប្រពៃណីសាសនាគ្រិស្ត)នោះពួកគេនឹងជាសះស្បើយពីជំងឺទាំងនោះ និង ខ្លះទៀតក៏បានជឿថាការលេបគ្រាប់ពេជ្រធម្មជាតិ ចូលទៅក្នុងពោះកំឡុងពេលឈឺនឹងជួយព្យាបាលអ្នកជំងឺអោយប្រសើរឡើងវិញ។ លើសពីនេះទៅទៀត គ្រួសាររាជវង្ស និង មេដឹកនាំធំៗ តែងតែធ្វើការដោះដូរគ្រឿង ពេជ្រធម្មជាតិជាថ្នូរក្នុងការចងសម្ព័ន្ធភាព ឬ ដើម្បីបញ្ជាក់ពីភាពស្មោះត្រង់ទៅកាន់ភាគីម្ខាងទៀត។

ចំណែកនៅ សតវត្សទី១៣ នៃ សម័យបារាំង ស្តេចបារាំង ល្វី ទី៤(Louis IX) បានបង្កើតច្បាប់មួយដែលចែងថា មានតែទ្រង់ ប៉ុណ្ណោះដែលអាចគ្រងគ្រឿងពេជ្រធម្មជាតិបាន ព្រោះវាជាវត្ថុដែលមានតម្លៃថ្លៃ និង មានឥទ្ធិពលបញ្ចេញពន្លឺដ៏ចែងចាំង។ប៉ុន្តែ១០០ឆ្នាំក្រោយមកវាបានក្លាយទៅជាគ្រឿងអលង្ការដែលពេញនិយមសម្រាប់ខ្សែស្រឡាយរាជវង្សទាំងប្រុសនិងស្រី។

សម្រាប់សម័យបុរេបុរាណចិនគេជឿថាគ្រាប់ ពេជ្រធម្មជាតិនីមួយៗតំណាងឱ្យការព្យាបាល ការការពារទ្រព្យសម្បត្តិ និងឋានៈតួនាទី ហើយជនជាតិចិនតែងមានទំនៀមទម្លាប់ថា ពេជ្រធម្មជាតិ ត្រូវតែរចនាម៉ូតជាមួយ សត្វ ផ្ត និងថ្មជានិច្ច។ចំពោះគ្រឿងពេជ្រធម្មជាតិ គេតែងតែប្រើវាសម្រាប់ប្រារព្ធពិធីពិសេសៗដូចជា ពិធីភ្ជាប់ពាក្យ ឬការប្រសូត្របុត្រជាដើមព្រោះក្នុងពេជ្រធម្មជាតិ មានថាមពលដែលអាចកំណត់កម្លាំងធាតុល្អ ឬ អាក្រក់។

សម្រាប់ប្រពៃណីចិនគេចាត់ទុក ពេជ្រធម្មជាតិជាស្តេចនៃត្បូងដែលមានតម្លៃទាំងឡាយ ព្រោះវាជាត្បូងដែលសម្រាប់បញ្ជាក់ពីស្នេហាអមតៈ ដែលយោងទៅតាមក្បួនហុងស៊ុយគេជឿថា ពេជ្រធម្មជាតិ បញ្ចេញថាមពលម្យ៉ាងដែលបង្កើតភាពស្មោះត្រង់ និងទំនុកចិត្តក្នុងទំនាក់ទំនងស្នេហា ។តាមទំនៀមទម្លាប់ប្រពៃណីចិនគ្រប់ចិញ្ចៀនភ្ជាប់ពាក្យត្រូវមានតែគ្រាប់ពេជ្រធម្មជាតិមួយគ្រាប់តែប៉ុណ្ណោះព្រោះវាតំណាងថាស្ត្រីជាមនុស្សតែម្នាក់គត់ក្នុងជីវិតរបស់បុរស ហើយការជ្រើសរើសគ្រាប់ពេជ្រធម្មជាតិធំដែលព័ទ្ធជុំវិញទៅដោយគ្រាប់ពេជ្រធម្មជាតិតូចៗ ក៏អាចធ្វើអោយអ្នកពាក់មានរាសីល្អផងដែរ។

ចំពោះប្រទេសចិនបច្ចុប្បន្នវិញ “ស្រ្តីជនជាតិចិនជាច្រើន បានយល់ឃើញថា ពេជ្រធម្មជាតិ ជានិមិត្តរូបនៃភាពឯករាជ្យនៃហរិញ្ញវត្ថុមិនមែនអាពាហ៍ពិពាហ៍ទេ។ហេតុអ្វី?ព្រោះពួកគេយល់ថាការចំណាយមួយចំណែកនៃប្រាក់ខែរបស់ពួកគេទៅលើពេជ្រធម្មជាតិ ជួយឱ្យពួកគេប្រសើរជាងមុនដោយសារវាប្រៀបដូចជាការទិញកាដូជូនខ្លួនឯងដែលខិតខំធ្វើការងារ និងជាការបញ្ជាក់ពីការចេះស្រឡាញ់និងឱ្យ តម្លៃទៅលើជីវិត។ បែបនេះហើយបានជាពួកគេយល់ថា ពេជ្រធម្មជាតិមិនមែនជាគ្រឿងសម្រាប់តំណាងឱ្យតែការរៀបការ ឬក្តីស្រលាញ់រវាងប្រុសនិងស្រីនោះ ទេ តែវាក៏ជាគ្រឿងសម្រាប់បញ្ជាក់ពីក្ដីស្រលាញ់ចំពោះខ្លួនឯង និង ស្ថានភាពនៃហរិញ្ញវត្ថុ។

បច្ចុប្បន្នកាលប្រទេសកម្ពុជា ក៏មិនខុសពីប្រទេសដទៃដែរចំពោះជំនឿទៅលើពេជ្រធម្មជាតិ បើទោះបីនៅសម័យកាលដើម ប្រទេសយើងតែងនិយមប្រើគ្រឿងមាស ប្រាក់ អង្គា លោហៈ និងស្ពាន់ជាដើមសម្រាប់ផលិតចេញជាគ្រឿងអលង្ការ ហើយមានតែត្រកូលអភិជនប៉ុណ្ណោះដែលអាចប្រើបាន។

សព្វថ្ងៃហាងលក់មាសពេជ្របានរីករាលដាលជាច្រើនពាសពេញប្រទេស ព្រោះដោយសារសន្ទុះនៃប្រជាជនជាច្រើនបានងាកមកប្រើប្រាស់គ្រឿងពេជ្រធម្មជាតិ ដោយសារពួកគេយល់ដឹងពីតម្លៃ ភាពចែងចាំង និងជំនឿរបស់ពេជ្រធម្មជាតិដែលអាចជួយទៅលើការលើក រាសី ការជួយអោយសុខសប្បាយនិងបញ្ចៀសគ្រោះចង្រៃទាំងឡាយ។

ចំពោះទំនៀមទម្លាប់របស់ជនជាតិខ្មែរខ្លះវិញ គេរមែងតែងទៅរកថ្ងៃខែឆ្នាំល្អសម្រាប់ទិញគ្រឿងពេជ្រធម្មជាតិ។ឯខ្លះទៀតមានការសែនព្រេននាំគ្រឿងចូលផ្ទះដែលពួកគេជឿថាពេជ្រធម្មជាតិមានកម្លាំងធាតុល្អដែលនាំលាភសំណាង រកស៊ីមានបានត្រជាក់ត្រជុំ។ លើសពីនេះទៀតពេជ្រធម្មជាតិត្រូវបានគេចាត់ទុកជាវត្ថុសម្រាប់អបអរថ្ងៃពិសេសដូចជា ថ្ងៃចូលឆ្នាំថ្មី ពិធីខួបកំណើត 3/4 បានបញ្ជាក់ពីតម្លៃនៃមនោសញ្ចនារវាងមនុស្ស។
ជារួមមកប្រទេស និងសម័យនីមួយៗ សុទ្ធតែមានជំនឿទៅលើពេជ្រធម្មជាតិ រៀងៗខ្លួនដោយផ្អែកទៅលើទំនៀមទម្លាប់ប្រពៃណី និងផ្នត់គំនិត។ ខ្លះជឿថាពេជ្រធម្មជាតិ ជាវត្ថុស័ក្ដិសិទ្ធដែលអាចជួយការពារមនុស្សទាំងពួងពីគ្រោះអាសន្នទាំងឡាយ ។ខ្លះថាវាមាននាទីថែរក្សានាំលាភសំណាងដល់អ្នកប្រើប្រាស់ និងខ្លះទៀតចាត់ទុកពេជ្រធម្មជាតិ ជាវត្ថុសម្រាប់បញ្ជាក់ពីក្តីស្រឡាញ់៕

ប្រភព៖ ហាងមាសពេជ្រ បុប្ផាគន្ធ , Bophakun Jewelry Co., Ltd
ប្រភព៖ បុប្ផាគន្ធ , សម្រួល៖លោក ចាន់ វិចិត្រ

ឯសារយោង
GIA (2015). Teaching Materials in Graduate Diamond Course.
Gordon, M. (n.d.). What Diamonds are in Chinese Tradition, in the lives of young and old. Retrieved from Clarity Enhanced Diamonds Educations and Buying Guide: https://clarityenhanceddiamonds.com/what-diamonds-are-in-chinese-tradition-in-the-lives-of-young-and-old/
Unknown. (2013, October). Diamond Myths and Legends. Retrieved from Cape Town Diamond Museum: https://www.capetowndiamondmuseum.org/blog/2013/10/diamond-myths-and-legends/
Unknown. (2019, October 6). Diamond History of India. Retrieved from Family & Co. Jewelers: https://www.familyjewelers.com/blog/2019/Oct/06/diamond-history-india/#:~:text=Diamonds%20were%20first%20recognized%20and,but%20most%20likely%206%2C000%20years.
Unknown. (2021, April 6). A Brief History of Diamonds . Retrieved from Macklowe Gallery: https://www.macklowegallery.com/blogs/product-dossiers/a-brief-history-of-diamonds
Unknown. (2022, May 3). Diamond Legends & Superstitiond. Retrieved from Ritani: https://www.ritani.com/blogs/news/diamond-legends-superstitions

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner