បណ្ឌិត សេក សុជាតិ ៖ ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅអូស្ត្រាលី នឹងកៀរគរអ្នកវិនិយោគអូស្ត្រាលីឱ្យមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន
ភ្នំពេញ៖ បណ្ឌិត សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ បានមានប្រសាសន៍ថា នៅក្នុងដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅថ្ងៃទី៤-៦ ខែមីនា ឆ្នាំ២០២៤ គឺដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀតរវាងប្រទេសទាំងពីរ កម្ពុជា និងអូស្ត្រាលី។ ដំណើរទស្សនកិច្ចរបស់សម្តេចធិបតីនៅអូស្ត្រាលីនាពេលនេះ គឺនឹងកៀរគរអ្នកវិនិយោគអូស្ត្រាលីឱ្យមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន។
លោកបណ្ឌិត សេក សុជាតិ បានបន្តថា ទំនាក់ទំនងរវាងកម្ពុជា និងអូស្ត្រាលី គឺមានសារៈសំខាន់ ដោយសារតែអូស្ត្រាលីជាទូទៅតែងតែយកចិត្តទុកដាក់នៅក្នុងការទំនាក់ទំនងជាមួយកម្ពុជាក្នុងនាមជាប្រទេសដែលមានកិច្ចសហប្រតិបត្តិការល្អ។ តាមរយៈការជួយជ្រោមជ្រែងរបស់អូស្ត្រាលីកន្លងមកជូនទៅដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតនិងការស្រាវជ្រាវបានបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅថ្ងៃទី៤-៦ ខែមីនា ឆ្នាំ២០២៤ គឺសម្តេចបានជួបជាមួយធុរកិច្ចសំខាន់ៗ និងកុ្រមហ៊ុនធំៗរបស់អូស្ត្រាលី គឺសង្ឃឹមថា សម្តេចធិបតីអាចកៀរគរអ្នកវិនិយោគឱ្យមកបណ្តាក់ទុននៅកម្ពុជាឲ្យបានកាន់តែច្រើន។
គួររម្លឹកឱ្យដឹងថា តបតាមការអញ្ជើញរបស់ ឯកឧត្តម អេនថូនី អាល់បានីស៊ី នាយករដ្ឋមន្ត្រីអូស្ត្រាលី សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៤-៦ ខែមីនា ២០២៤ នៅទីក្រុង ម៉ែលប៊ន ប្រទេសអូស្ត្រាលី។
កិច្ចប្រជុំកំពូលពិសេស នឹងផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ កំណត់ទិសដៅអនាគតរួម និងធ្វើឱ្យទំនាក់ ទំនងកាន់តែស៊ីជម្រៅ តាមរយៈការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវអាទិភាពសំខាន់ៗ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី។ ថ្នាក់ដឹកនាំ គ្រោងនឹងអនុម័តសេចក្តីថ្លែង ការណ៍ទីក្រុងម៉ែលប៊ន និងសេចក្តីប្រកាសចក្ខុវិស័យរបស់ថ្នាក់ដឹកនាំអាស៊ាន-អូស្ត្រាលី។
ស្របពេលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលខាងលើ សម្តេចធិបតី ក៏នឹងមានជំនួបទ្វេភាគី ជាមួយ ឯកឧត្ដម អេនថូនី អាល់បានីស៊ី និងសមភាគីអាស៊ានមួយចំនួន ដើម្បីពង្រឹងបន្ថែមនូវទំនាក់ទំនង ទ្វេភាគីបន្ថែមទៀត៕
ដោយ៖ពលជ័យ
