បិទបញ្ចប់នៃការចុះបញ្ជី៖ មានគណបក្សនយោបាយចំនួន៥ បានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤
ភ្នំពេញ៖ នៅវេលាម៉ោង៥៖៣០នាទីល្ងាច ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤នេះ គឺជាការបិទបញ្ចប់ នៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា “ក្រុមប្រឹក្សា” អាណត្តិទី៤ ឆ្នាំ២០២៤ គឺមានគណបក្សនយោបាយចំនួន៥ បានចុះបញ្ជីចូលរួមប្រកួតប្រជែងការបោះឆ្នោតក្រុមប្រឹក្សា” អាណត្តិទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឯកឧត្តម ហង្ស ពុទ្ធា បានថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី៦ ខែមីនា នេះថា រយៈពេល៥ថ្ងៃ នៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា “ក្រុមប្រឹក្សា” អាណត្តិទី៤ ឆ្នាំ២០២៤ គិតត្រឹមថ្ងៃ ៤:៣០នាទីល្ងាច គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) បានទទួលពាក្យសុំចុះបញ្ជីបេក្ខជនរបស់គណបក្សនយោបាយចំនួន ៥គណបក្ស គឺគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ។

ឯកឧត្តម ហង្ស ពុទ្ធា បានបន្តថា ការដាក់ និងការទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ មានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។ អ្នកនាំពាក្យ គ.ជ.ប បានបន្តទៀតថា បន្ទាប់ពី គ.ជ.ប ពិនិត្យទៅលើបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ គឺនីតិវិធីបន្ត គ.ជ.ប នឹងប្រកាសទទួលស្គាល់ជាផ្លូវការនូវគណបក្សនយោបាយដែលបានចុះបញ្ជី និងដាក់បេក្ខជនប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ហើយនឹងអញ្ជើញគណបក្សនយោបាយចូលរួមជាផ្លូវការនៅក្នុងដំណើរការបោះឆ្នោតនេះ ដោយជំហានបន្ទាប់ គឺការចាប់លេខរៀងដើម្បីកំណត់លេខរៀងរបស់គណបក្សដើម្បីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា។
ប្រភពដដែលបានបញ្ជាក់ថា អង្គបោះឆ្នោត គឺជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ក្នុងមុខតំណែងដែលមានចំនួន ១១៦២២រូប។ ចំនួននៃក្រុមប្រឹក្សាឃុំសង្កាត់ គឺអាស្រ័យទៅលើតួលេខនៃក្រុមប្រឹក្សាឃុំសង្កាត់ ហើយក្រុមប្រឹក្សាឃុំសង្កាត់បច្ចុប្បន្នមានចំនួន ១៦៥២ ឃុំសង្កាត់។ ការឃោសនាក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ គឺចាប់ពីថ្ងៃទី១៧-២៤ ខែឧសភា ឆ្នាំ២០២៤។ ការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤៕
ដោយ៖ពលជ័យ




