ប្រធានក្រុមយុវជនសង្គមស៊ីវិលគាំទ្រយ៉ាងពេញទំហឹងចំពោះលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

ភ្នំពេញ៖ លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល តាងនាមឱ្យថ្នាក់ដឹកនាំបណ្តុំអង្គការ សមាគម សង្គមស៊ីវិល អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ សូមសម្តែងនូវការអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះ ក្នុងនោះ គណបក្សប្រជាជនកម្ពុជា ទទួលបានលទ្ធផលសំឡេងឆ្នោតគាំទ្រយ៉ាងច្រើនលើសលប់ ស្ទើរតែទាំងស្រុងក្នុងអាសនៈព្រឹទ្ធសភា ខណៈដែលការបោះឆ្នោតព្រឹទ្ធសភាបានបិទបញ្ចប់ប្រកបដោយភាពរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងអនុវត្តតាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងយុត្តិធម៌។

ប្រធានក្រុមយុវជនសង្គមស៊ីវិល បានបន្តថា ការបោះឆ្នោតជ្រើសតំាងសមាជិកព្រឹទ្ធសភាជាការបោះឆ្នោតអសកល ដែលមានសមាជិកសមាជិការដ្ឋសភា និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងជាអង្គបោះឆ្នោត។ ការបោះឆ្នោតនេះ គឺបានអនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ដោយបានរៀបចំការបោះឆ្នោតសកល និងអសកលជាទៀងទាត់ស្របតាមច្បាប់ជាធរមាន។ ខណៈដែលសុខសន្តិភាពនេះហើយ គឺជាមូលដ្ឋានគ្រឹះធ្វើឱ្យកម្ពុជាមានលទ្ធភាពក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងពន្លឿនការអភិវឌ្ឍប្រទេសជាតិ លើកកម្ពស់ជីវភាពពលរដ្ឋឱ្យមានការរីកចម្រើនជាលំដាប់។

លោក ហេង សំណាង បានបន្តទៀតថា បណ្តុំអង្គការ សមាគម សង្គមស៊ីវិលនានាជឿជាក់ថាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា។ ពិសេសក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនជាច្រើនទៀតដូចនេះ ប្រទេសកម្ពុជាពីមួយអាណត្តិទៅមួយអាណត្តិមានការអភិវឌ្ឍ និងរីកចម្រើនជាលំដាប់ និងឥតឈប់ឈរ៕
ដោយ៖ពលជ័យ

ads banner