គណបក្សបួនចុះបញ្ជីបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង ស្រុក និងខណ្ឌ (Video Inside)
គណបក្សនយោបាយចំនួន៤ បានស្នើសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង ស្រុក និងខណ្ឌ នៅខែឧសភាខាងមុខនេះ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ គ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤។
ដំណើរការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង ស្រុក និងខណ្ឌ ឆ្នាំ២០២៤ មានរយៈពេល៥ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែមីនា។
សេចក្តីប្រកាសព័ត៌មានថ្ងៃទី៦មីនារបស់គជប បានឱ្យដឹងថាគណបក្សទាំងបួនដែលបានចុះបញ្ជីរួចរាល់នោះ គឺគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា បានអំពាវនាវដល់គណបក្សនយោបាយ ដែលបានចុះបញ្ជីត្រូវសហការផ្តល់ឯកសារឱ្យបានគ្រប់ជ្រុងជ្រោយបន្ថែមទៀត។
លោកបានបញ្ជាក់ថា គជបនឹងជូនដំណឹងទៅគណបក្សនយោបាយនោះវិញ ក្នុងរយៈពេល៥ថ្ងៃ ដើម្បីឱ្យគណបក្សសាមីត្រូវរៀបចំបញ្ជូលបន្ថែមឯកសារមកកាន់គជប។