ប្រធានសភាតង់ហ្សានី និងជាប្រធានសហភាពអន្តរសភា (IPU) អបអរសាទរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលកម្ពុជាសម្រេចបាន

លោកជំទាវ ទូលៀ អ៊ែកសិន (Tulia Acson) ប្រធានសភាតង់ហ្សានី និងជាប្រធានសហភាពអន្តរសភា (IPU) បានអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលនានាដែលកម្ពុជាសម្រេចបាន និងការចូលរួមយ៉ាងសកម្មរបស់កម្ពុជាក្នុងក្របខណ្ឌ IPU ហើយជឿជាក់ថា កម្ពុជានឹងបន្តលើមាគ៌ាដ៏ត្រឹមត្រូវ ដើម្បីអនាគតមួយដ៏ប្រសើរ សម្រាប់ប្រជាជន និងប្រទេសជាតិ។

លោកជំទាវប្រធានសភាតង់ហ្សានី បានលើកឡើងដូចនេះ នៅក្នុងជំនួបទ្វេរភាគីរវាងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ទូលៀ អ៊ែកសិន ប្រធានសភាតង់ហ្សានី និងជាប្រធានសហភាពអន្តរសភា (IPU) នារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ក្នុងអំឡុងពេលនៃដំណើរបំពេញទស្សនកិច្ចផ្លូវការនិងចូលរួមកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នៅសាធារណរដ្ឋបារាំង។

ក្នុងជំនួបទ្វេរភាគីនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ទាក់ទងនឹងស្ថានការណ៍តំបន់ និងអន្តរជាតិ ជាពិសេសទំនាក់ទំនងរវាងកម្ពុជា-តង់ហ្សានី និងកិច្ចសហការក្រោមក្របខណ្ឌ IPU។

ភាគីទាំងពីរបានយល់ស្របគ្នាថា ពិភពលោកកំពុងស្ថិតក្នុងរបត់មួយដ៏គ្រោះថ្នាក់ ពិបាកទាយទុកជាមុន ប្រកបដោយហានិភ័យខ្ពស់។ អភិបាលកិច្ចសកល ប្រព័ន្ធពហុភាគីនិយម និងរបបពិភពលោក ដែលផ្អែកលើវិធានច្បាប់ដែលមានការធ្លាក់ចុះគួរឱ្យបារម្ភ ចាប់តាំងពីសង្រ្គាមលើកលើកទី២ ដោយសារតែការប្រកួតប្រជែងអំណាចដ៏ស្មុគ្រស្មាញរវាងប្រទេសមហាអំណាច ការកើនឡើងនូវជម្លោះ បម្រែបម្រួលអាកាសធាតុ និងគ្រោះមហន្តរាយ។ ក្នុងបរិបទនេះ ការទូតសភាដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងសន្តិភាព តាមរយៈការគ្រប់គ្រងជម្លោះ និងការបង្ការជម្លោះ។ សភា ដែលជាតំណាងប្រជាពលរដ្ឋ យល់ច្បាស់ពីតម្រូវការ និងក្តីប្រាថ្នារបស់ប្រជាជន នោះគឺសន្តិភាព និងការអភិវឌ្ឍ។ បន្ថែមទៅទៀត សម្តេចរដ្ឋសភាធិបតី បានបង្ហាញការគាំទ្រចំពោះលោកជំទាវ ទូលៀ អ៊ែកសិន ក្នុងតួនាទីធ្វើជាប្រធាន IPU។

ទន្ទឹមគ្នានេះ ភាគីសភាកម្ពុជាបានលើកនូវសំណើ៥ ដើម្បីពង្រឹងទំនាក់ទំនងទ្វេរភាគី និងពហុភាគី រួមមាន (១) ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីធានាកសាង និងថែរក្សាសន្តិភាព និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដោយចីរភាព រួមទាំងការលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្រ្តី។ (២) ពង្រឹងទំនាក់ទំនងរវាងអាស៊ាន និងសហភាពអាហ្រ្វិច ទាំងក្នុងក្របខណ្ឌរដ្ឋាភិបាល សភា វិស័យឯកជន និងទំនាក់ទំនងប្រជាជននិងប្រជាជន។ សម្តេចរដ្ឋសភាធិបតីបានគូសបញ្ជាក់ថា កម្ពុជា និងតង់ហ្សានី អាចជាស្ពានតភ្ជាប់គ្នារវាងតំបន់ទាំងពីរអាស៊ីអាគ្នេយ៍-អាហ្វ្រិក។ (៣) ក្នុងបរិបទ នៃការប្រកួតប្រជែងអំណាច និងការបែកខ្ញែកសេដ្ឋកិច្ចអន្តរជាតិ យើងត្រូវតែពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈយន្តការពហុភាគីនិយម ដែលមានភាពបើកចំហរ និងបរិយាបន្ន ដោយផ្អែកលើការគោរពច្បាប់អន្តរជាតិ។ (៤) ពិនិត្យមើលឱកាស សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ជាពិសេសសេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចឌីជីថល និង (៥) ពង្រឹងកិច្ចសហប្រតិបត្តិការលើសភាឌីជីថល។

ជាការឆ្លើយតប លោកជំទាវគាំទ្រចំពោះការលើកឡើងរបស់ភាគីកម្ពុជា ហើយប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ នៃសភាទាំងពីរ តាមរយៈការបង្កើតក្រុមមិត្តភាពសភាទាំងពីរ ដែលនឹងបើកទំព័រថ្មីមួយ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយមានការចូលរួមទាំងវិស័យសាធារណៈ និងវិស័យឯកជន។ លោកជំទាវបញ្ជាក់ថា សភាតង់ហ្សានី រីករាយចែករំលែកបទពិសោធន៍បន្ថែមទៀតលើការអភិវឌ្ឍសភាឌីជីថល សន្តិសុខសង្គម ក៏ដូចជាការចូលរួមរបស់ស្រ្តី ក្នុងនយោបាយ។ លើសពីនេះ លោកជំទាវក៏បានសង្កត់ធ្ងន់ថា ស្រ្តីដើរតួនាទីយ៉ាងសំខាន់ ក្នុងការស្វែងរកដំណោះស្រាយសកល។

លោកជំទាវក៏បានអញ្ជើញសម្តេចរដ្ឋសភាធិការធិបតីធ្វើទស្សនកិច្ចនៅប្រទេសតង់ហ្សានី នៅពេលវេលាសមស្របណាមួយ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងសភា និងប្រជាជន នៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត៕
ដោយ៖ពលជ័យ
រូបភាព៖រដ្ឋសភា

ads banner