ឯកឧត្តម ស សុខា ៖ បណ្តាគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ បានត្រៀមខ្លួនរួចរាល់ ដើម្បីឆ្លើយតបឱ្យទាន់សភាពការណ៍នៃការរីកច្រើនទាំងផ្នែកបច្ចេកវិទ្យា ជាពិសេសឆ្លើយតបទៅនឹងអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត
ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា បានមានប្រសាសន៍បញ្ជាក់ថា ការជួបជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃសហភាពសហព័ន្ធយុវជនកម្ពុជា នៅពេលនេះ នឹងក្លាយជាវេទិកាដ៏មានសារៈសំខាន់សម្រាប់សមាជិកក្រុមគ្រួសារក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ក្នុងការពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជាការចូលរួមចែករំលែកនូវទស្សនវិស័យសម្រាប់អនាគត ក្នុងន័យចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សជាមួយរាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងបរិបទ នៃការប្រកួតប្រជែងលើគ្រប់ទិដ្ឋភាពទាំងភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច ក្នុងសង្គម ការរីកលូតលាស់យ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យា ការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច ឆ្ពោះទៅរកការរីកចម្រើន ប្រើប្រាស់បច្ចេកវិទ្យា និងការផ្លាស់ប្តូរជាវិជ្ជមានដើម្បីបង្កើននូវភាពធនក្នុងការកសាសង្គម សេដ្ឋកិច្ចឌីជីថលដ៏រឹងមាំ ស្របតាមគោលនយោបាយដឹកនាំប្រកបដោយឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ការបញ្ជាក់នេះ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញនៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤នេះ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជឿជាក់ថា បណ្តាគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ដែលដែលជាសមាជិកក៏បានត្រៀមខ្លួនរួចរាល់ហើយដែរ ដើម្បីឆ្លើយតបឱ្យទាន់សភាពការណ៍នៃការរីកចម្រើនទាំងផ្នែកបច្ចេកវិទ្យា ជាពិសេសឆ្លើយតបទៅនឹងអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានជំរុញឱ្យគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ត្រូវតែបន្តធ្វើប្រព័ន្ធកំណែទម្រង់ប្រព័ន្ធសិក្សាឱ្យកាន់តែប្រសើរឡើង និងអភិវឌ្ឍកម្មវិធីសិក្សាថ្មីៗស្របតាមតំបន់ និងអន្តរជាតិ ដោយផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតទៅលើពុទ្ធិ និងជំនាញផ្នែកបច្ចេកវិទ្យា និងឌីជីថល ឱ្យស្របតាមនិន្នាការនៃសេដ្ឋកិច្ច សង្គម តម្រូវការទីផ្សារ និងបដិវត្តន៍ឧស្សាហកម្ម ៤.០។
ជាការកត់សម្គាល់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងថា បណ្តាគ្រះសា្ថនសិក្សានានាកំពុងតែមានការប្រកួតប្រជែងគ្នា បង្ហាញក៏ដូចជាការដាក់នៅកម្មវិធីសិក្សាថ្មីៗ ទាំងការអភិវឌ្ឍន៍របស់ខ្លួនផងដែរ តាមរយៈការស្វែងរកដៃគូរសហការតាមបណ្តាគ្រឹះស្ថានសិក្សានានានៅក្រៅប្រទេស។ ហើយក៏មានគ្រឹះស្ថានសិក្សាខ្លះក៏បានហែលឆ្លងកាត់ឧបសគ្គជាច្រើនក្នុងវិបត្តិផ្សេងៗ ជាពិសេសហិរញ្ញវត្ថុ ក្រោយពីការរីករាលដាលជាសកលកូវីដ-១៩ និងវិបត្តិអតិផរណាដែលបានបង្កកើតឡើងដោយសារសង្គ្រាមអូសបន្លាយរវាងរុស្ស៊ី និងអ៊ុយក្រែន និងនៅតំបន់កាហ្សាជាមួយអ៊ីស្រាអែលហាមាស់៕
ដោយ៖ពលជ័យ
រូបភាព៖សសយក




