សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោក ជាផ្លូវការ នៅវិមានរដ្ឋសភាបារាំង

សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តី បានចាប់ផ្តើមជាផ្លូវការដោយមានការចូលរួមពីប្រធានសភាជាស្រ្តីទាំង២៥រូប នៅលើពិភពលោក អង្គទូតនៃប្រទេសតំណាងទាំង២៥ នៅប្រទេសបារាំង ព្រមទាំងប្រតិភូអមដំណើរ និងអង្គការដៃគូរបស់រដ្ឋសភាបារាំង នាទីក្រុងប៉ារីស ប្រទេសបារាំង ល្ងាចថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។

ក្នុងសុន្ទរកថាបើកកិច្ចប្រជុំ លោកជំទាវ យ៉ាអ៊ែល ប្រូន-ពីវេ (Yaël Braun-Pivet) ប្រធានរដ្ឋសភាប្រទេសបារាំងបានផ្តល់នូវចំណាប់អារម្មណ៍ក្នុងនាមជាស្រ្តីទី១ ដែលបានជាប់ឆ្នោតជាប្រធានសភានៃប្រទេសបារាំងថា លោកជំទាវពិតជាមានមោទកភាពដែលរូបលោកជំទាវ និងស្រ្តីនៃប្រទេសផ្សេងៗទៀតបានជាប់ឆ្នោតជាប្រធានសភា។ លោកជំទាវបានលើកឡើងថា ការជួបជុំប្រធានសភាជាស្រ្តីពិភពលោកនាពេលនេះ ដើម្បីជំរុញបន្ថែមនូវការទូតសភាបុរេសកម្ម ដែលគិតគូពីបញ្ហាស្រ្តី និងក្មេងស្រី និងលើកកម្ពស់សិទ្ធិស្រ្តីនៅទូទាំងពិភពលោក។ លោកជំទាវបានលើកឡើងទៀតថា ដើម្បីផ្លាស់ប្តូរបរិបទពិភពលោក យើងត្រូវផ្លាស់ប្តូរការគិតរបស់ប្រទេសយើងអំពីទស្សនៈចំពោះយេនឌ័រ។

ប្រធានរដ្ឋសភាប្រទេសបារាំង បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា គិតគូអំពីវិធានការជាវិជ្ជមានដែលជួយគាំទ្រដល់ស្រ្តី ផ្តល់សិទ្ធិសេរីភាពពេញលេញដល់ស្រ្តី ប្រឆាំងរាល់ទម្រង់នៃការរើសអើង និងអំពើហិង្សាលើស្ត្រី ក៏ដូចជាលើកកម្ពស់សមភាពរវាងស្ត្រី និងបុរស តាមរយៈការស្នើនិងការអនុម័តច្បាប់។ នេះជាលើកទី១ហើយ ដែលមានជំនួបកំពូលប្រធានសភាស្រ្តីពិភពលោក ហើយរដ្ឋសភាប្រទេសបារាំងធ្វើជាម្ចាស់ផ្ទះ។ លោកជំទាវ យ៉ាអ៊ែល ប្រូន-ពីវេ បានឱ្យដឹងថា នៅក្នុងដំណើរការកិច្ចប្រជុំនាឱកាសនេះ នឹងមានវេទិកាតុមូលចំនួនពីរ។ វេទិកាទី១ មានប្រធានបទ និយាយពីការអប់រំប្រកបដោយសមភាព ការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាលើស្ត្រី និងសុខភាពស្ត្រី និងវេទិកាតុមូលទី២ និយាយពីសមភាពរវាងស្ត្រី និងបុរសក្នុងវិស័យនយោបាយ និងការអះអាងអំពីតួនាទីគំរូរបស់ស្ត្រី។

នៅក្នុងឱកាសបើកកិច្ចប្រជុំជាផ្លូវការនេះ ក៏មានការផ្តល់ចំណាប់អារម្មណ៍ពី លោកជំទាវ ណាន់ស៊ី ប៉េឡូស៊ី (Nancy Pelosi) ប្រធានរដ្ឋសភាសហរដ្ឋអាមេរិក តាមសារវីដេអូ ព្រមទាំងមានការផ្តល់ចំណាប់អារម្មណ៍ពីលោកស្រី អូលេកសាន់ដ្រា ម៉ាវីឈូក (Oleksandra Matviichuk) មេធាវីការពារសិទ្ធិមនុស្សជនជាតិអ៊ុយក្រែន និងជាអ្នកទទួលបានពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២២។ លោកស្រីបានលើកឡើងថា ស្រ្តី និងក្មេងស្រីបានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរពីសង្រ្គាមរុស្សី-អ៊ុយក្រែន និងបានស្នើសុំឱ្យស្រ្តីជាប្រធានរដ្ឋសភាទាំងអស់គិតគូរួមគ្នាក្នុងការអនុម័តច្បាប់ ដើម្បីថ្កោលទោសចំពោះឧក្រិដ្ឋកម្មសង្គ្រាម និងឈានទៅបញ្ឈប់សង្រ្គាមនៅអ៊ុយក្រែនតាមដែលអាចធ្វើទៅបាន។ គណៈប្រតិភូជាប្រធានសភាទាំងអស់ បានចូលរួមពិធីសម្ពោធការតាំងពិព័រណ៍ដែលឧទ្ទិសដល់សិទ្ធិនយោបាយដំបូងរបស់ស្រ្តីនៅលើពិភពលោក និងស្រ្តីនៅបារាំង ដែលរៀបចំឡើងនៅក្នុងវិមានរដ្ឋសភាសាធារណរដ្ឋបារាំង នៅមុនការឈានដល់ការបើកវេទិកាតុមូល ដែលជាឱកាសតំណាងរាស្រ្តជាស្រ្តីទាំងអស់ បានបញ្ចេញទស្សនៈក្នុងកិច្ចការពារផលប្រយោជន៍ និងគុណតម្លៃរបស់ស្រ្តីនៅលើសកលលោក៕
ដោយ៖ពលជ័យ
រូបភាព៖រដ្ឋសភា

ads banner