មន្ត្រីនគរបាល៥៩នាក់ ត្រូវបានបណ្តេញចេញ ក្រោមបទល្មើសវិន័យ (Video Inside)

មន្ត្រីនគរបាលចំនួន៥៩នាក់ ដែលចំណុះស្នងការដ្ឋាននគរបាលរាជធានី និងខេត្តចំនួន១៦ ត្រូវបានបណ្តេញពីក្របខ័ណ្ឌនគរបាលជាតិ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី១មីនា ប៉ុន្តែទើបបានទទួលថ្ងៃនេះ បានសរសេរថា មន្ត្រីនគរបាលទាំង ៥៩នាក់ ដែលរងការបណ្តេញចេញនោះ គឺដោយសារល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។ មិនមានសេចក្តីរាយការណ៍បញ្ជាក់ច្បាស់លាស់ថា តើបទល្មើសវិន័យនោះ បានជាប់ពាក់ព័ន្ធនឹងអ្វីខ្លះឡើយ។

សម្តេចធិបតីកាលពីថ្ងៃទី២០កុម្ភៈ បានដាក់ចេញបទបញ្ជាដាច់ខាត ត្រូវបណ្តេញមន្ត្រីរាជការណាក៏ដោយ ដែលពាក់ព័ន្ធនឹងគ្រឿងញៀន។ យោងតាមក្រសួងមហាផ្ទៃ, ដើម្បីស្វែងរកមន្ត្រីពាក់ព័ន្ធនឹងគ្រឿងញៀននេះ គេបានធ្វើតេស្តរកសារធាតុញៀនដល់មន្ត្រីនគរបាលគ្រប់រូប ទូទាំងប្រទេស និងការធ្វើតេស្តនោះ ត្រូវបានបិទបញ្ចប់ ១០០ភាគរយហើយ។

ក្នុងចំណោមមន្ត្រីនគរបាលទាំង ៥៩នាក់ ដែលរងការបណ្តេញនោះ រួមមាន ៣នាក់ នៃស្នងការដ្ឋានគរបាល ខេត្តឧត្តរមានជ័យ, ៣នាក់នៅស្ទឹងត្រែង, ៦នាក់នៅរតនគិរី, ៤នាក់នៅខេត្តកណ្តាល, ៣នាក់នៅខេត្តក្រចេះ, ម្នាក់នៅខេត្តព្រះវិហារ, ម្នាក់នៅខេត្តបន្ទាយមានជ័យ, ម្នាក់ខេត្តត្បូងឃ្មុំ, ៤នាក់នៅខេត្តតាកែវ, ៣នាក់នៅខេត្តកំពង់ស្ពឺ, ៦នាក់នៅខេត្តបាត់ដំបង, ម្នាក់នៅខេត្តកំពង់ធំ, ២នាក់នៅខេត្តពោធិ៍សាត់, ២នាក់នៅខេត្តកំពត, ៥នាក់នៅខេត្តសៀមរាប, ម្នាក់នៅខេត្តព្រះសីហនុ និង១៣នាក់នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

យោងតាមមន្ត្រីក្រសួងមហាផ្ទៃ ក្នុងរយៈពេល៦ខែចុងក្រោយនេះ, ក្រសួងមហាផ្ទៃបានបណ្តេញមន្រ្តីនគរបាល ដែលល្មើសវិន័យមានសរុបចំនួនជាង ៨០នាក់ហើយ។

ads banner