រុស្ស៊ីចោទបារាំងលូកដៃជ្រៅក្នុងសង្គ្រាមអ៊ុយក្រែន
មូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ ក្នុងថ្ងៃព្រហស្បតិ៍ បានរិះគន់សម្តីរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ជុំវិញការមិនច្រានចោលលទ្ធភាពបញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែន។
វិមានក្រឹមឡាំងបានលើកឡើងថា លោក ម៉ាក្រុង កំពុងបង្កើនការចូលរួមរបស់បារាំងនៅក្នុងសង្គ្រាមអ៊ុយក្រែន បន្ទាប់ពីគាត់មិនបដិសេដក្នុងការដាក់ពង្រាយកងទ័ពនៅអ៊ុយក្រែន។
ចាប់តាំងពីពេលនោះមក លោក ម៉ាក្រុង បានរងការរិះគន់យ៉ាងខ្លាំង ទាក់ទិននឹងការថ្លែងបែបនេះរបស់គាត់ ដែលធ្វើឱ្យមនុស្សជាច្រើននៅអឺរ៉ុប មានការភ្ញាក់ផ្អើល រហូតដល់មេដឹកនាំមួយចំនួន បានចេញមុខប្រកាសបដិសេធលទ្ធភាពបញ្ជូនកងទ័ពរបស់ពួកគេទៅអ៊ុយក្រែន។
ប្រតិកម្មរបស់រុស្ស៊ីនាពេលនេះ កើតឡើងបន្ទាប់ពីលោក ម៉ាក្រុង កាលពីថ្ងៃអង្គារ បានជំរុញសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន កុំស្ទាក់ស្ទើរ ឬមានចិត្តកំសាក ក្នុងការគាំទ្រដល់ការប្រយុទ្ធរបស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី។
បន្ថែមលើនេះ លោក ម៉ាក្រុង ក៏បានជួបមេដឹកនាំនៃគណបក្សនយោបាយសំខាន់ៗរបស់ប្រទេសបារាំង កាលពីថ្ងៃព្រហស្បតិ៍ផងដែរ ខណៈដែលរូបលោកកំពុងស្វែងរកការគាំទ្រកាន់តែច្រើនសម្រាប់អ៊ុយក្រែន មុនពេលការបោះឆ្នោតនៅអឺរ៉ុបនារដូវក្តៅនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា



