សេចក្តីប្រកាសព័ត៌មានស្តីពី ស្តីពីលទ្ធផលនៃកិច្ចប្រជុំលើកទី៤ គណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៤ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គ បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែ មួយជាតិលើកទី ៤ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងតំណាង ដៃគូអភិវឌ្ឍន៍ ដើម្បីពិនិត្យអំពី “វឌ្ឍនភាពនៃការអនុវត្តគម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី ៣” ដែលត្រូវ បានប្រកាសដាក់ឱ្យអនុវត្តក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ លើកទី ៣ កាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៣ និងមានរយៈពេលអនុវត្តចំនួន ១២ ខែ កន្លងមក ។

“ប្រព័ន្ធបញ្ជរតែមួយជាតិ” គឺពាក់ព័ន្ធនឹងការចេញអាជ្ញាប័ណ្ណ វិញ្ញាបនបត្រ លិខិតអនុញ្ញាត និងឯក សារផ្សេងទៀត ក្នុងទម្រង់អេឡិកត្រូនិក សម្រាប់ទំនិញនាំចេញ-នាំចូល ដែលស្ថិតក្នុងបញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ ព្រមទាំង ទំនិញដែលទទួលបានការលើកលែងពន្ធនិងអាករស្របតាមច្បាប់ និង បទប្បញ្ញត្តិជាធរមាន ។ “គម្រោងបញ្ជរតែមួយជាតិ ដំណាក់កាលទី ៣” បានពង្រីកវិសាលភាពទៅក្រសួង- ស្ថាប័នចំនួន ១១ បន្ថែមទៀត ។ ទន្ទឹមនេះ “ប្រព័ន្ធបញ្ជរតែមួយជាតិ” ក៏បានបន្ថែមមុខងារថ្មីចំនួន ៤ រួមមាន មុខងារគ្រប់គ្រងហានិភ័យ, មុខងារនិហិតដ្ឋានឯកសារពាណិជ្ជកម្ម, មុខងារប្រតិបត្តិករសេដ្ឋកិច្ចបានទទួល ការអនុញ្ញាត និងមុខងារគ្រប់គ្រងគណនីប្រើប្រាស់តែមួយ ។

អង្គប្រជុំ បានវាយតម្លៃខ្ពស់ និងកត់សម្គាល់លើវឌ្ឍនភាពនៃការអនុវត្តគម្រោង ដែលក្រសួង-ស្ថាប័ន ចំនួន ៦ រួមមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងបរិស្ថាន, ក្រសួងរ៉ែនិងថាមពល, ក្រសួង វប្បធម៌និងវិចិត្រសិល្បៈ, ធនាគារជាតិនៃកម្ពុជា, ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចូលរួមអនុវត្តសាកល្បងប្រើប្រាស់ប្រព័ន្ធបញ្ជរតែមួយជាតិ ចាប់ពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៣ កន្លងមក និងក្រសួង ស្ថាប័នមួយចំនួន បានត្រៀមលក្ខណៈសម្បត្តិរួចរាល់ដើម្បីចូលរួមអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិនាពេលដ៏ខ្លីខាងមុខ ។

ផ្អែកតាមវឌ្ឍនភាពសម្រេចបានខាងលើ និងតាមរយៈការពិភាក្សារបស់អង្គប្រជុំ, ឯកឧត្តមអគ្គ បណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ចំពោះក្រសួង-ស្ថាប័ន ដែលចូលរួមអនុវត្ត “ប្រព័ន្ធបញ្ជរតែមួយជាតិ” បានពេញលេញ និងស្នើដល់ក្រសួង-ស្ថាប័នដែលចូលរួមពុំទាន់ពេញលេញ ឬពុំទាន់បានចូលរួមអនុវត្ត ឱ្យខិតខំនិងផ្តល់កិច្ចសហការប្រកបដោយស្មារតីបុរេសកម្ម អនុវត្តគម្រោងបញ្ជរតែមួយជាតិដំណាក់ កាលទី ៣ ឱ្យបានជោគជ័យ ស្របតាមពេលវេលាដែលបានកំណត់ ។

ជាទីបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ ក៏បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមផ្ដល់មតិយោបល់ និងជាពិសេស ការបង្ហាញនូវការប្ដេជ្ញា និងឆន្ទៈខ្ពស់ក្នុងការអនុវត្ត “ប្រព័ន្ធបញ្ជរតែមួយជាតិ” ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានចូល រួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនៃសេវាសារធារណៈ និងកិច្ចសម្រួលពាណិជ្ជកម្ម ក៏ដូចជា លើកកម្ពស់បរិយាកាសធុរកិច្ចនៅកម្ពុជាឲ្យកាន់តែល្អប្រសើរ ៕

ប្រភព ៖ ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner