ព្រះមហាក្សត្រតែងតាំងសម្តេចព្រះរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ជាសមាជិកព្រឹទ្ធសភា នីតិកាលទី៥
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងសម្តេចព្រះរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ជាសមាជិកព្រឹទ្ធសភា នីតិកាលទី៥។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។
សូមជម្រាបថា កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ អង្គរដ្ឋសភាបានបោះឆ្នោតជ្រើសតំាងសមាជិកព្រឹទ្ធសភាចំនួន២រូប គឺឯកឧត្តម សុខ ឥសាន និងឯកឧត្តម ហេង ហាលីម ជាសមាជិកព្រឹទ្ឋសភានីតិកាលទី៥។ ដោយឯកឧត្តម សុខ ឥសាន ទទួលបានសំឡេងព្រម ចំនួន១១៣ លើវត្តមានសមាជិករដ្ឋសភាចូលរួមប្រជុំ១១៣រូប ឯកឧត្តម ហេង ហាលីម ទទួលបានសំឡេងព្រមចំនួន១១២ លើវត្តមានសមាជិករដ្ឋសភាចូលរួមប្រជុំ១១៣រូប។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ មានគណបក្សនយោបាយចំនួន៤ ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនេះ គឺគណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សឆន្ទៈខ្មែរ និងគណបកល្សកម្លាំងជាតិ។ សមាជិកព្រឹទ្ធសភាមានចំនួន ៦២រូប ក្នុងនោះ ២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ ២រូប ត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប និង៥៨រូបទៀត ត្រូវជ្រើសតាំងដោយការបោះឆ្នោតអសកល មិនចំពោះតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់៕


