សម្តេច ម៉ែន សំអន ៖ គណបក្សប្រជាជនគ្រប់ថ្នាក់ ត្រូវត្រៀមអនុវត្តតាមផែនការកំណត់ ក្នុងការបោះឆ្នោត ជ្រើសតាំងសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក ខណ្ឌ
(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀងបានថ្លែងថា យោងតាមសេចក្តីសម្រេច របស់គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខ គណបក្សគ្រប់ថ្នាក់ ក្រុមការងារគណបក្សគ្រប់ថ្នាក់ត្រូវត្រៀមអនុវត្ត នូវភារកិច្ចមួយចំនួនបន្តទៀត ដើម្បីគណបក្សខេត្តស្វាយរៀង សម្រេចឲ្យបានតាមផែនការកំណត់របស់គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល។
ការថ្លែងបែបនេះរបស់ សម្ដេច ម៉ែន សំអន ក្នុងឱកាសដឹកនាំកិច្ចប្រជុំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំនូវការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តី កម្ពុជា ដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេស។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណ និងថ្លែងនូវការកោតសសើរចំពោះគណបក្សខេត្ត រដ្ឋបាលខេត្ត ក្រុមការងារគណបក្ស ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង ដែលបានចូលរួមចំណែកដល់កិច្ចអភិវឌ្ឍខេត្តស្វាយរៀងឲ្យមានរីកចម្រើនគួរឲ្យកត់សម្គាល់ និងទទួលបានលទ្ធផលគួរជាទីមោទនៈ។ ជាពិសេស គណបក្សប្រជាជាជនកម្ពុជាបានទទួលបានការគាំទ្រ និងទទួលបានជោគជ័យក្នុង ការបោះឆ្នោតជ្រើតាំងតំណាងរាស្រ្ត នីតិកាលទី ៧ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់ភូមិភាគ ៦ នីតិកាលទី៥ ៕
ដោយ ៖ ថេត វិចិត្រ








