ហ្វីលីពីនប្រទេសនាំចូលអង្ករច្រើនបំផុតលើលោក ព្រមទិញអង្ករថែមពីកម្ពុជា

ភ្នំពេញ៖ប្រទេសហ្វីលីពិន នៅដើមសប្តាហ៍នេះ បានព្រមព្រៀងបង្កើនការនាំចូលអង្ករពីកម្ពុជា។ នៅពេលនេះប្រទេសទាំងពីរកំពុងជជែកគ្នាពីចំនួនអង្ករជាក់លាក់ដែលត្រូវនាំចេញបន្ថែម។ នេះបើយោងតាមការបញ្ជាក់ពីឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រាញ់ និងនេសាទ នៅថ្ងៃសុក្រកន្លងទៅនេះ។

ឯកឧត្តម ឃីម ហ្វីណង់ ឲ្យដឹងទៀតថា ក្រៅពីបរិមាណនាំចេញ តម្លៃក៏ជាបញ្ហាដែលត្រូវជជែកនិងស្រុះស្រួលគ្នាផងដែរ។ ទោះមិនទាន់អាចបញ្ជាក់បាននៅឡើយថា ការនាំអង្ករបន្ថែមទៅហ្វីលីពីនអាចនឹងចាប់ផ្តើមនៅពេលណា ឯកឧត្តម ហ្វីណង់ យល់ថាការព្រមព្រៀងរបស់ហ្វីលីពីន ជាការវិវត្តន៍ដ៏ល្អ។

លោក បានបញ្ជាក់ថា៖ «ដំណឹងនេះ គឺជាដំណឹងល្អសម្រាប់កម្ពុជា។ ប៉ុន្តែសក្តានុពលទៅដល់ក្នុងកម្រិតណា យើងរងចាំមើលសិន ព្រោះការនាំចេញអង្ករមិនអាចពឹងផ្អែកទៅលើបរិមាណតែមួយមុខទេ។ យើងត្រូវពិនិត្យមើល តើតម្លៃដែលគេយកពូយើងហ្នឹង តើត្រូវនឹងតម្លៃដែលយើងអាចផលិតបានដែរឬទេ។ ថាតើគុណភាពគេចង់បានកម្រិតណា ហើយបរិមាណ ផ្គត់ផ្គងគេចង់បានក្នុងកម្រិតណា។ ទើបយើងអាចសន្និដ្ឋានបាន»។ (០០,១៤/០០,៤២)

គួរសម្គាល់ថា កាលពីឆ្នាំ២០២៣ ហ្វីលីពីនបាននាំអង្ករចូលពីប្រទេសនានាជិត៤លានតោនដែលធ្វើឲ្យប្រទេសនេះជាប់ចំណាត់ថ្នាក់លេខ១ជាប្រទេសនាំអង្ករចូលច្រើនបំផុតក្នុងពិភពលោក។ ដោយហេតុនេះហើយ ប្រទេសអ្នកផលិតអង្ករជាច្រើនប្រជែងដណ្តើមយកទីផ្សារនៅហ្វីលីពីន។ កាលពីចុងឆ្នាំ២០២៣ ​ហ្វីលីពីនបានព្រមព្រៀងទិញអង្ករបន្ថែមពីប្រទេសវៀតណាម។ ដោយឡែក កម្ពុជាទើបបាននាំអង្ករចេញទៅហ្វីលីពីនជាផ្លូវការណ៍កាលពីពាក់កណ្តាលឆ្នាំ ២០២៣ ដែលមានចំនួន ៤ពាន់តោន ហើយនៅដើមខែមករា បានលក់ឲ្យហ្វីលីពីន ប្រមាណ ១៥០០តោន។ ភាគច្រើនជាប្រភេទអង្ករផ្កាម្លិះក្រហម និងអង្ករបាយទន់។

លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា រំពឹងថាតាមរយៈការចរចារនេះកម្ពុជានឹមានឳកាសនាំអង្ករចេញទៅហ្វីលីពីនកាន់តែច្រើន។

លោក បានបញ្ជាក់ថា៖ «យើងទើបបើកទីផ្សាបានឆ្នាំកន្លងទៅ ប៉ុន្តែបរិមាណ មានចំនួនកម្រិត នៅឡើយ គឺមានប្រមាណ ៤ ពានតោន។ យើងគិតថា ឆ្នាំតទៅមុខទៀត តាមរយៈកិច្ចខិតខំប្រឹងប្រែងជំរុញបន្ថែមរបស់ប្រមុខថ្នាក់ដឹកនាំប្រទេសយើង ។ យើងគិតថា ពីហ្នឹងទៅមុខទៀត យើងនឹងអាចជំរុញការនាំចេញបន្ថែមទៀត ទៅហ្វីលីពីន ហើយអាចបើកទីផ្សារកម្ពុជា ឱ្យកាន់តែទូលាយទៅលើទីផ្សារដែលមានស្រាប់ហើយ»។

យោងតាមទិន្និន័យរបស់ seasia.stats ដែលជាស្ថាប័នវាយតម្លៃឯករាជ្យនាំមុខគេ មានមូលដ្ឋាននៅទីក្រុងហ្សាកាតារបស់ប្រទេសឥណ្ឌូនេស៊ី បានបង្ហាញថា កម្ពុជាជាប្រទេសផលិតអង្ករធំលំដាប់ទី១០របស់ពិភពលោក និងជាប្រទេសនាំចេញអង្ករកំពូលទី៧ ប្រចាំឆ្នាំ២០២៣។ ចិន និងសហភាពអឺរ៉ុប ជាទីផ្សារនាំចេញអង្ករធំជាងគេរបស់កម្ពុជា៕ ដោយ៖ឡុង គីមម៉ារីតា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner