ឈ្មួញសម្រុកនាំចូលសាច់បង្កកមុនរដ្ឋបិទការនាំចូល ជ្រូកក្នុងស្រុកធ្លាក់ថ្លៃខ្លាំង
ភ្នំពេញ៖តម្លៃជ្រូករស់នៅកម្ពុជាបានធ្លាក់ថ្លៃម្តងទៀតនាពេលនេះ ស្របពេលដែលឈ្មួញកំពុងសម្រុកនាំចូលសាច់បង្កកពីបរទេសយ៉ាងគំហុក មុនពេលឳសានវាទផ្អាកការនាំចូលរយៈពេល៦ខែ គិតចាប់ពីថ្ងៃទី១២ ខែមីនា តទៅ។
លោក ស៊្រុន ពៅ ប្រធានមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ឱ្យដឹងថា នៅភ្នំពេញជ្រូករស់មានតម្លៃ ៧ ៥០០រៀលក្នុងមួយគីឡូក្រាម ហើយនៅតាមបណ្តាខេត្តមានតម្លៃប្រហែល ៨០០០រៀលក្នុងមួយគីឡូក្រាម ខណៈដែលថ្លៃដើមផលិតប្រហែល ៩ ០០០រៀល។ អ្នកចិញ្ចឹមជ្រូកខាត ប្រហែល១២ម៉ឺនទៅ១៦ម៉ឺនរៀលក្នុងមួយក្បាល។ កាលពីអំលុងចូលឆ្នាំចិន ជ្រូករស់ហក់ឡើងដល់៩០០០រៀលក្នុងមួយគីឡូក្រាម។
លោក ស៊្រុន ពៅ រំពឹងថាក្រោយកាលបរិច្ឆេទផ្អាកការនាំចូលសាច់បង្កកចូលជាធរមាន តម្លៃជ្រូករស់អាចប្រសើរឡើង។លោកថា«ការបិទនឹងជាការប្រសើរដល់កសិករអ្នកចិញ្ចឹមព្រោះសព្វថ្ងៃនេះ ពួកគាត់នៅខាតច្រើនណាស់ លក់អស់ហើយ អ្វីៗទាំងអស់ សង្ឃឹមថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់ក្នុងខែ ៣ថ្ងៃ ១២នេះ ដែលបិទផ្អាកសាច់បង្កក៦ខែ ក៏ប៉ុន្តែមុនបិទនេះយើងឃើញហើយថា បងប្អូនគាត់អ្នកនាំចូលនេះ គឺគាត់សម្រុកខ្លាំងណាស់ ដូច្នេះវិស័យនេះស្លាប់រស់លើរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ»។
យោងតាមក្រសួងពាណិជ្ជកម្ម ការនាំចូលសាច់បង្កកក្នុងឆ្នាំ ២០២៣ តាមរយៈក្រុមហ៊ុនចុះបញ្ជីពាណិជ្ជកម្មស្របច្បាប់ មានចំនួនសរុបប្រមាណ ៤៥.០០០ តោន ដោយក្នុងនោះ មាន សាច់ក្របីជាង ១០.០០០ តោន សាច់គោ សាច់ជ្រូក ជាង១ពាន់តោនដូចគ្នា និងសាច់ផ្សេងៗទៀតជាង១៥០០០ តោន។ នេះនៅមិនទាន់បញ្ជូលការនាំចូលសាច់កង្កកដោយខុសច្បាប់នៅឡើយ។
រដ្ឋាភិបាលកម្ពុជានាពេលថ្មីៗនេះ បានសម្រេចឱ្យផ្អាកការនាំចូល «គ្រឿងក្នុងសត្វ និងបំណែកសាច់បង្កក» ចំនួន៨មុខ ជាបណ្តោះអាសន្នក្នុងរយៈពេល ៦ ខែ រហូតដល់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៤។ ជាវិធានការដែលធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចបានរកឃើញថាការស្តុកទុកនិងបង្កកភាគច្រើនមិនត្រូវស្តង់ដា ប៉ះពាល់ដល់គុណភាពនិងសុខភាពសាធារណៈ។ ប៉ុន្តែ ម្ចាស់អាជីវកម្មដែលមានអាជ្ញាបណ្ណត្រឹមត្រូវ នៅតែអនុញ្ញាតឱ្យនាំចូលបានជាធម្មតា។
មាគមអ្នកចិញ្ចឹមសត្វ កម្ពុជាត្រូវការជ្រូកប្រមាណពី ៨ពាន់ក្បាលទៅ ៩ពាន់ក្បាល ក្នុងមួយថ្ងៃ សម្រាប់បំពេញតម្រូវការក្នុងស្រុក។ ក្រសួងកសិកម្ម បានចាត់ទុកវិស័យចិញ្ចឹមសត្វដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនប្រាក់ចំណូល លើកកម្ពស់ការរស់នៅ និងជំរុញសេដ្ឋកិច្ចជាតិ។ ក៏ប៉ុន្តែ កសិករនិងអ្នកចិញ្ចឹមនៅជួបបញ្ហាច្រើន ទាំងផ្នែកធនធានថវិការ បច្ចេកទេស និងជាពិសេសបញ្ហា ទីផ្សារ និងតម្លៃ៕ អត្ថបទ៖ ទួន សុផល