លិចទូកនេសាទបាត់ខ្លួន មនុស្ស៦នាក់នៅកូរ៉េ

សេអ៊ូល៖ អាជ្ញាធរក្នុងតំបន់បាននិយាយ កាលពីថ្ងៃសៅរ៍ថា ទូកនេសាទ១គ្រឿងបានលិច នៅឆ្នេរសមុទ្រភាគខាងត្បូង ប្រទេសកូរ៉េខាងត្បូង បណ្តាលឲ្យបាត់ខ្លួនមនុស្ស ចំនួន៦នាក់។

អាជ្ញាធរបានឲ្យដឹងថា ទូកមួយគ្រឿងនេះមានផ្ទុកនាវិក ចំនួន៩នាក់ ក្នុងនោះ រួមមានទាំងជនជាតិឥណ្ឌូនេស៊ី ចំនួន៧ នាក់ ផងដែរ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ របស់កូរ៉េខាងត្បូង បានឲ្យដឹងថា ទូកនេសាទ ទម្ងន់ ២៩ តោន មួយគ្រឿងនេះ បានក្រឡាប់ក្នុងទឹកសមុទ្រ នៅចម្ងាយ ៦៨គីឡូម៉ែត្រ ភាគខាងត្បូង នៃកោះមួយ ស្ថិតក្នុងទីក្រុងឆ្នេរសមុទ្រ ថុងយឹង (Tongyeong)។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក យ៉ុន សុក យេល (Yoon Suk Yeol) បានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធ ប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីជួយសង្គ្រោះជីវិតអ្នកបាត់ខ្លួន ហើយកងទ័ពជើងទឹកក៏ចូលរួមផងដែរ។

ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ បានចេញផ្សាយថា ទូកល្បាត នាវាកងទ័ពជើងទឹក និងយន្តហោះត្រូវបានដាក់ពង្រាយ សម្រាប់កិច្ចខិតខំប្រឹងប្រែងស្វែងរក ដែលបន្ត រហូតមកដល់ព្រឹកថ្ងៃអាទិត្យនេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner