ថ្ងៃទី១២ ខែមីនា៖ ព្រឹទ្ធសភានឹងប្រជុំជាវិសាមញ្ញនីតិកាលទី៤ ដើម្បីពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួនពីរ

ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៤ បានកំណត់យកថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង៨:០០នាទីព្រឹក ដើម្បីបើកសម័យប្រជុំព្រឹទ្ធសភាជា វិសាមញ្ញនីតិកាលទី៤ ដើម្បីពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល និងពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក។

កិច្ចគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។

សូមជម្រាបថា កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ អង្គរដ្ឋសបានអនុម័តជាឯកច្ឆន្ទ លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេសស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល។ សេចក្តីព្រាងច្បាប់នេះ បង្ហាញពីឆន្ទៈមុះមុតរបស់កម្ពុជាក្នុងការចូលរួមជាសកលលោកលើកិច្ចការពារធនធានធម្មជាតិក្នុងសមុទ្រ ពិសេសធនធានជលផល។ សេចក្តីព្រាងច្បាប់នេះនឹងក្លាយជាឯកសារគតិយុត្តនិងជាវិធានការសម្រាប់កម្ពុជាការពារ គ្រប់គ្រងធនធានជលផលរបស់ខ្លួនប្រកបដោយចីរភាព។

ចំពោះសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ដែលជារបៀបវារៈទី៣វិញ រាជរដ្ឋាភិបាលបានតាក់តែងឡើងក្នុងគោលបំណងធានាគ្រប់គ្រងនិងការអភិវឌ្ឍវិស័យដឹកជញ្ជួនតាមផ្លូវទឹក និងកំពង់ផែនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរក្សាសណ្តាប់ធ្នាប់ ធានាសុវត្ថិភាព សន្តិសុខនៃការដឹកជញ្ជូនតាមផ្លូវទឹក ព្រមទំាងការកសាងនិងថែរក្សាការពារហេដ្ឋារចនាសម្ព័ន្ធនិងការរួមចំណែកការពារបរិស្ថាន ព្រមទំាងផ្តល់កាលានុវត្តភាពវិនិយោគនិងការប្រកួតប្រជែងប្រកបដោយយុត្តិធម៌ សមធម៌ និងតម្លាភាពសម្រាប់បម្រើពាណិជ្ជកម្មជាតិ អន្តរជាតិ និងទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា។
សេចក្តីព្រាងច្បាប់ ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក មាន១៨ជំពូក និង២៧៥មាត្រា។ ក្រោយពីបានពិភាក្សានិងអនុម័តមួយជំពូកម្តងៗ អង្គរដ្ឋសភាក៏បានអនុម័តជាឯកច្ឆន្ទ លើសេចក្តីព្រាងច្បាប់ ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ដ៏មានសារៈសំខាន់នេះផងដែរ៕
ដោយ៖ពលជ័យ
រូបភាព៖ព្រឹទ្ធសភា

ads banner