រដ្ឋមន្ត្រីក្រសួងការបរទេសលើកឡើងពីសមិទ្ធផលសំខាន់ៗ និងគុណបំណាច់ដែលមិនអាចកាត់ថ្លៃបានរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអង្គស្នួល បានលើកឡើងពីសមិទ្ធផលសំខាន់ៗ និងគុណបំណាច់ដែលមិនអាចកាត់ថ្លៃបានរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ក្នុងការជួយសង្គ្រោះប្រជាជនកម្ពុជាឱ្យរស់រានមានជីវិតឡើងវិញ ដែលនាំឱ្យប្រជាពលរដ្ឋមានជីវភាពរុងរឿង និងការអភិវឌ្ឍយ៉ាងឆាប់រហ័សរហូតមកដល់សព្វថ្ងៃនេះ។ ការលើកឡើងនេះ ក្នុងពិធីអបអរសាទរខួបលើកទី១១៣ ទិវានារីអន្តរជាតិ ៨មីនា ក្រោមមូលបទ៖ ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មវិធីឌីជីថល នៅទីស្នាក់ការគណបក្សស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីព្រឹកថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០២៤។
ពិធីនេះក៏មានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកអង្គស្នួល សមាជិកគណៈអចិន្ត្រៃយ៍គណបក្សស្រុក ប្រធានគណបក្សឃុំ គណៈចលនានារីស្រុក ចលនានារីឃុំ កុមារី ក្រុមកីឡាករ កីឡាការិនី និងក្រុមគ្រូបង្វឹកកីឡាករ សរុប២៧៤នាក់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាបានខិតខំបំពេញកិច្ចការងារជាច្រើនដោយមិនខ្លាចនឿយហត់ ដើម្បីបម្រើដល់ប្រជាជន និងបានយកចិត្តទុកដាក់ខ្ពស់បំផុតលើវិស័យអប់រំ ជាពិសេស តាមរយៈការសាងសង់សាលារៀន ផ្តល់សម្ភារៈសិក្សា ជាដើម។ ឯកឧត្តមក៏បានលើកឡើងថា មូលបទនៃទិវានារីអន្តរជាតិឆ្នាំនេះគឺពិតជាត្រឹមត្រូវណាស់។ ជាការពិត នៅតាមបណ្តាប្រទេសមួយចំនួននៅលើសកលលោក ស្ត្រីពុំមានសិទ្ធិស្មើនឹងបុរសដូចនៅប្រទេសកម្ពុជាទេ រួមទាំងពុំមានសិទ្ធិក្នុងការបើកបរ និងពុំមានសិទ្ធិក្នុងការចូលរួមបោះឆ្នោត ដូចការចូលរួមរបស់នារីក្នុងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅកម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនោះទេ។
ឯកឧត្តមប្រធានក្រុមការងារក៏បានសង្កត់ធ្ងន់អំពីសារសំខាន់នៃការអប់រំ ដោយបានថ្លែងអំណរគុណដល់ឱពុកម្តាយទាំងអស់ដែលបានបញ្ជូនកូនរបស់ខ្លួនទៅសាលារៀន។ ក្នុងបរិបទបច្ចុប្បន្ននេះ សិស្សានុសិស្សមិនត្រឹមតែត្រូវមានចំណេះដឹងមូលដ្ឋាន ប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានចំណេះដឹងផ្នែកបច្ចេកវិទ្យា និងឌីជីថលទៀតផង។ សម្រាប់មូលដ្ឋានស្រុកអង្គស្នួល កាលពីឆ្នាំ២០១៤ អាត្រាសិស្សានុសិស្សដែលបានប្រឡងជាប់កម្រិតបាក់ឌុប មានត្រឹមតែ៣៣ភាគរយប៉ុណ្ណោះ ប៉ុន្តែតែនៅឆ្នាំមុននេះ អាត្រាសិស្សានុសិស្សបានប្រឡងជាប់មានរហូតដល់ជិត៩០ភាគរយ ក្នុងនោះ សិស្សានុសិស្សនិទ្ទេស A មានរហូតដល់ទៅ ២២នាក់ ដែលមិនធ្លាប់មានពីមុនឡើយ។ លទ្ធផលនៃការសិក្សាដ៏ត្រចះត្រចង់នេះ មានការចូលរួមពីតួអង្គ៣ សំខាន់ៗ គឺសិស្ស លោកគ្រូអ្នកគ្រូ និងឳពុកម្តាយ។ ឯកឧត្តមប្រធាន និងអនុប្រធានក្រុមការងារបានប្រគល់បាច់ផ្កាជូនតំណាងនារី និងការឧបត្ថម្ភមួយចំនួន ដល់គណៈចលនានារីស្រុក-ឃុំ កុមារី ក្រុមកីឡាករនិងកីឡាការិនី និងគ្រូបង្វឹក ព្រមទាំងឧបត្ថម្ភកំព្យូទ័រយួរដៃចំនួន១០គ្រឿងដល់ចលនានារីឃុំសម្រាប់ទុកបម្រើការផងដែរ៕
ដោយ៖ពលជ័យ
