អគ្គនាយករងកីឡា៖ ការប្រកួតកីឡាអត្តពលកម្ម វិទ្យាស្ថានខេមអេដ នឹងជួយផ្សព្វផ្សាយ ដល់គ្រឹះស្ថានផ្សេងៗទៀត ក្នុងការរៀបចំ និងជំរុញដល់យុវជនចូលរួមលេងកីឡា ដើម្បីសុខភាព
(ភ្នំពេញ)៖ ការប្រកួតជើងឯកកីឡាអត្តពលកម្ម វិទ្យាស្ថានខេមអេដ ឆ្នាំ២០២៤ សម្រេចបានកីឡាករកីឡាការិនីឆ្នើម តាមវិញ្ញាសានីមួយៗ បន្ទាប់ពីដំណើរការប្រកួតពេញ១ព្រឹក នៅពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈ លោក ដួង មាស ចំរើន អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា និងជាប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគុណភាពរបស់កីឡាករ កីឡាការិនី ដែលខិតខំប្រឹងប្រែងប្រកួតអស់ពីសមត្ថភាពនិងទទួលបានសមិទ្ធផលគាប់ប្រសើរ។
លោក ដួង មាសចំរើន ក៏បានកោតសរសើរចំពោះការខិតខំរៀបចំរបស់លោក ខេស៊ី បាណេត នាយកវិទ្យាស្ថានខេមអេដ និងការចូលរួមរបស់កីឡាករ កីឡាការិនី ដែលជានិស្សិតរបស់វិទ្យាស្ថានខេមអេដយ៉ាងផុសផុល។ តាមរយៈព្រឹត្តិការណ៍នេះត្រូវបានលោកអគ្គនាយករង ដាក់ក្តីជឿជាក់យ៉ាងមុតមាំថា នឹងជួយផ្សព្វផ្សាយបន្ថែមដល់សាលាផ្សេងៗទៀត ក្នុងការរៀបចំការប្រកួតកីឡា និងជួយជំរុញដល់យុវជនចូលរួមលេងកីឡា ដើម្បីសុខភាពផងដែរ។

ប្រធានសហព័ន្ធអត្តពលកម្មរូបនេះសង្កត់ធ្ងន់ថា ឆ្លងកាត់តាមរយៈការប្រកួតឆ្នាំនេះ គណៈកម្មការបច្ចេកទេសបានឃើញពីលទ្ធផលបច្ចេកទេសរបស់កីឡាករ កីឡាការិនីទទួលបានលទ្ធផលល្អប្រសើរ។ ក្នុងនាមអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា លោកបានលើកទឹកចិត្តដល់កីឡាករ កីឡាការិនី សិស្សនិស្សិតខេមអេដទាំងអស់បន្តរួមចំណែកអភិវឌ្ឍវិស័យអប់រំ កាយ និងកីឡា តាមរយៈការចូលរួមលេងកីឡាឱ្យបានគ្រប់ៗគ្នា។

លោក ខេស៊ី បាណេត នាយកវិទ្យាស្ថាន ខេមអេដ គូសបញ្ជាក់ថា ការប្រកួតជើងឯកអត្តពលកម្ម ខេមអេដ ឆ្នាំ២០២៤នេះមានកីឡាករ កីឡាការិនី ដែលជានិស្សិតរបស់ខ្លួនបានចូលរួមដោយស្ម័គ្រចិត្តចំនួន ១២០នាក់ ដោយខេមអេដ មានគោលដៅចម្បងឱ្យពួកគាត់មានគុណភាពបន្ថែមទាំងក្នុងការលេងកីឡា ក៏ដូចជាចង់ឱ្យពួកគាត់ជោគជ័យក្នុងជីវិតនិងអាជីព នាពេលខាងមុខ។ ដូច្នេះការចូលរួមលេងកីឡាដោយស្ម័គ្រចិត្តរបស់និស្សិតរបស់ខ្លួននឹងផ្តល់បទពិសោធន៍ និងការប្រកួតប្រជែង ព្រមទាំងបណ្តុះស្មារតីខិតខំប្រឹងប្រែងតស៊ូ សម្រាប់សុខភាពមាំមួន និងគោលដៅជីវិតផងដែរ។

លោក ខេស៊ី បាណេត សង្កត់ធ្ងន់ថា ចំពោះកីឡាករ កីឡាការិនីជ័យលាភី ដែលមានសក្តាពលនឹងត្រូវត្រៀមខ្លួនឱ្យចូលរួមការប្រកួតកីឡាឧត្តមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៤ ខាងមុខ ក្រោមការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា។ តាមរយៈការប្រកួតជម្រើសជើងឯកជាច្រើនប្រភេទកីឡារបស់ខេមអេដ ដូចជាអត្តពលកម្ម បាល់បោះ ប៉េតង់ បាល់ទាត់ក្នុងសាលជាដើមនឹងជំរុញឱ្យខេមអេដមានធនធានប្រកបដោយគុនភាពបន្ថែម ក្នុងការត្រៀមខ្លួនកាន់តែល្អប្រសើរ សម្រាប់ការប្រកួតកីឡាឧត្តមសិក្សា ថ្នាក់ជាតិ ២០២៤ ជាមួយនឹងក្តីសង្ឃឹមខ្ពស់ថា ខេមអេដនឹងទទួលបានលទ្ធផលល្អជាក់ជាមិនខាន។
គួរបញ្ជាក់ថា ការប្រកួតជើងឯកកីឡាអត្តពលកម្ម វិទ្យាស្ថានខេមអេដ ឆ្នាំ២០២៤មាន ១៦វិញ្ញាសា ដោយគណៈកម្មការបច្ចេកទេសបានរកឃើញជ័យលាភីពីចំណាត់ថ្នាក់លេខ ១ ដល់លេខ ៣ លើវិញ្ញាសាទាំងអស់ផងដែរ ៕



អត្ថបទ-រូបភាព ៖ ចាន់ វិចិត្រ