ឥណ្ឌាបាញ់សាកល្បងមីស៊ីលផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរដោយជោគជ័យ
ញូវដែលី៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ក្នុងថ្ងៃចន្ទ និយាយថា ប្រទេសរបស់លោកទើបបាញ់សាកល្បងមីស៊ីលផ្លោងដែលផលិតក្នុងស្រុកដោយជោគជ័យ ដែលវាមានសមត្ថភាពអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរបានច្រើនជាលើកដំបូង។
លោក ម៉ូឌី បានសរសេរសារបង្ហោះនៅលើបណ្តាញសង្គម X ថា គាត់មានមោទនភាព ចំពោះការបាញ់បង្ហោះសាកល្បងជាលើកដំបូង នៃមីស៊ីល Agni-5 ដែលអភិវឌ្ឍដោយជនជាតិដើមភាគតិច ជាមួយនឹងបច្ចេកវិទ្យា Multiple Independently Targetable Re-entry Vehicle (MIRV)។
បច្ចេកវិទ្យា MIRV អនុញ្ញាតឱ្យមីស៊ីល Agni-5 អាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរបានច្រើនក្នុងពេលតែមួយ ដូច្នេះពួកវាអាចកម្ទេច និងវាយប្រហារគោលដៅផ្សេងៗគ្នា។ យ៉ាងណាមិញ លោក ម៉ូឌី មិនបានផ្តល់ព័ត៌មានលម្អិតជុំវិញការបាញ់បង្ហោះនេះទេ ប៉ុន្តែកាលពីមុន ឥណ្ឌាបានបាញ់សាកល្បងមីស៊ីល Agni-5 ជាច្រើនគ្រាប់ ដែលបង្កើតឡើងដោយអង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍ការពារជាតិឥណ្ឌា។
Agni មានន័យថា “ភ្លើង” គឺជារហ័សនាមដាក់ឱ្យគ្រាប់មីស៊ីលជាច្រើនដែលឥណ្ឌាបង្កើតឡើង ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍មីស៊ីល ចាប់ផ្តើមកាលពីឆ្នាំ១៩៨៣។
គួរបញ្ជាក់ថា ឥណ្ឌាបាននឹងកំពុងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាមួយបណ្តាប្រទេសលោកខាងលិចក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងនៅក្នុងសម្ព័ន្ធភាព Quad ជាមួយសហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលីផងដែរ ស្របពេលមានភាពតានតឹងព្រំដែនជាមួយប៉ាគីស្ថាន និងចិន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

