គណបក្សនយោបាយចូលរួមបោះឆ្នោតក្រុមប្រឹក្សាមានពេល៥ថ្ងៃចុងក្រោយ ដើម្បីបំពេញឯកសារ (Video Inside)

គណបក្សដែលបានចុះបញ្ជីចូលរួមឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី-ខេត្ត ក្រុង-ស្រុក និងខណ្ឌអាណ្ណត្តិទី៤ នៅសល់ពេល៥ថ្ងៃទៀត ដើម្បីបំពេញឯកសារដែលខ្វះខាត ខណៈសេចក្តីរាយការណ៍បង្ហាញថា មានគណបក្សចំនួន ៤ ដែលមិនទាន់បានបំពេញឯកសារ គ្រប់គ្រាន់និងត្រឹមត្រូវ។

អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក ទេព នីថា បានថ្លែងនៅថ្ងៃទី១២មីនាថា គណបក្សនយោបាយដែលបានចុះឈ្មោះចូលរួមនឹងមានពេល៥ថ្ងៃ សម្រាប់ការបំពេញឯកសារ…និង៥ថ្ងៃទៀតសម្រាប់ការប្តឹងតវ៉ា។

គជបនឹងចេញសេចក្តីសម្រេចចុងក្រោយបង្អស់នៅថ្ងៃទី២២មីនា ដែលនឹងកំណត់ថា តើនឹងមានគណបក្សនយោបាយ និងបេក្ខជនចំនួនប៉ុន្មាន ដែលនឹងត្រូវចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី-ខេត្ត ក្រុង-ស្រុក និងខណ្ឌអាណ្ណត្តិទី៤។

សេចក្តីរាយការណ៍បានបង្ហាញថា មានគណបក្សចំនួន៤ ដែលនៅមិនទាន់មានឯកសារបំពេញគ្រប់សព្វ ដើម្បីអាចមានសិទ្ធិចូលរួមប្រកួតប្រជែង។ គណបក្សទាំង៤នោះ គឺគណបក្សឆន្ទៈខ្មែរ, គណបក្សហ៊្វុនស៊ុនប៉ិច, គណបក្សកម្លាំងជាតិ និងគណបក្សខ្មែររួបរួមជាតិ។

ដោយឡែកគណបក្សប្រជាជនកម្ពុជា ត្រូវគេរាយការណ៍ថាបានបំពេញឯកសារតាមតម្រូវការ របស់គជប រួចរាល់ហើយ។ លោក ទេព នីថា បានថ្លែងនឹងមិនមានការពន្យាពេលឡើយ ដល់គណបក្សណាដែលយឺតយ៉ាវ ឬមិនបានបំពេញឯកសារ។ លោកថាថ្ងៃទី២២មីនា គឺជាថ្ងៃសម្រេចចុងក្រោយបង្អស់។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ គ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤។

ads banner