កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការផ្តល់ឥណទានសម្បទានប្រមាណ១៥៤លានដុល្លារ សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យក្នុងតំបន់

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ២១.១០៤ លានយ៉េន (ប្រមាណ១៥៤លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យក្នុងតំបន់។

ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម កុមឺរ៉ាម៉ាសាហ៊ីរ៉ូ (KOMURA Masahiro) អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធខាងលើ នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ការផ្តល់ឥណទានសម្បទាននេះ បញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់ជប៉ុនក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ការគាំទ្រនេះ នឹងរួមចំណែកផងដែរដល់ការពង្រឹងទំនាក់ទំនងយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែលនៅក្នុងឆ្នាំ២០២៣ ត្រូវបានដំឡើងកម្រិតទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»៕

ads banner