កីឡាករ កីឡាការិនីថ្នាល ជម្រើសជាតិ គ្រូបង្វឹក ១០០៤នាក់ នឹងទទួលបានការព្យាបាល ដោយមិនគិតថ្លៃនៅមន្ទីរពេទ្យធំៗចំនួន៤

អត្ថបទដោយ៖
Kien Sereyvuth

កីឡាករ កីឡាការិនីថ្នាល ជម្រើសជាតិ និងគ្រូបង្វឹក ចំនួន១០០៤នាក់ នឹងទទួលបានការព្យាបាល ដោយមិនគិតថ្លៃ នៅមន្ទីរពេទ្យធំៗចំនួន៤ នេះបើយោងតាមលិខិតប្រកាសពីរដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែលក្រុមការយើងទទួលបាន នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩នេះ។

តាមលិខិតដែលទទួលបាននៅព្រឹកនេះ ឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមជម្រាបជូនដល់ ឯកឧត្តម អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត លោកនាយកមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ លោកនាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងលោកនាយកមន្ទីរពេទ្យព្រះអង្គឌួង ត្រៀមរៀបចំគោលការណ៍ ពិនិត្យសុខភាព ព្យាបាលជំងឺ ជូនកីឡាករ កីឡាការិនីថ្នាល និងជម្រើសជាតិ ក្នុងអំឡុងពេលហ្វឹកហាត់ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។

សេចក្តីដូចបានចែងក្នុងកម្មវត្ថុ និងយោងខាងលើ សូមឯកឧត្តមអគ្គនាយក លោកនាយក មន្ទីរពេទ្យជាតិជ្រាបថា ក្រសួងអប់រំ យុវជន និងកីឡា បានរៀបធ្វើការប្រមូលផ្តុំ គ្រូបង្វឹក កីឡាករ កីឡាការិនីថ្នាល និងជម្រើសជាតិ ចំនួន១០០៤នាក់ ហាត់ហ្វឹកហ្វឺនបង្កើនប្រសិទ្ធភាព និងគុណផល ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន និងឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាឆ្នាំ២០២៣។

សូមឯកឧត្តម អគ្គនាយក លោកនាយក ត្រៀមរៀបចំគោលការណ៍ ពិនិត្យសុខភាព ព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនកីឡាករ កីឡាការិនីថ្នាល និងជម្រើសជាតិទាំងអស់។ អាស្រ័យហេតុនេះ សូម ឯកឧត្តម អគ្គនាយក លោកនាយក ចាត់ចែងអនុវត្តនូវគោលការណ៍នេះ ប្រកបដោយការទទួលខុសត្រូវ ក្នុងការអនុវត្តឲ្យមានប្រសិទ្ធភាព៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner