សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងនូវកិច្ចការសំខាន់ពីរអំពីការបោះឆ្នោតព្រឹទ្ធសភា និងសកម្មភាពសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេល ៦ខែកន្លងមកនេះ
ភ្នំពេញ៖ នៅមុនកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី លើកទី៦ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកឡើងនៅកិច្ចការសំខាន់ពីរអំពីការបោះឆ្នោតព្រឹទ្ធសភា និងសកម្មភាពសំខាន់ៗរបស់រាជរដ្កឋាភិបាល ក្នុងរយៈពេល ៦ខែកន្លងមកនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កិច្ចការសំខាន់ទី១. គឺការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ ដែលបានប្រព្រឹត្តទៅដោយជោគជ័យ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានគណបក្សនយោបាយចំនួន៤ ចូលរួមប្រកួតប្រជែង ដោយមានអង្គបោះឆ្នោតចូល ៩៩,៨៦% លទ្ធផលនេះ បានបង្ហាញអំពីភាពចាស់ទុំផ្នែកនយោបាយ និងវឌ្ឍនភាពនៃការអភិវឌ្ឍនលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ សម្តេចក៏បានឆ្លៀតយកឱកាសនេះ អបអរសាទរចំពោះជ័យជំនះចំពោះការបោះឆ្នោត វាយតម្លៃខ្ពស់និងអរគុណភាគីពាក់ព័ន្ធទាំងអស់ ជាពិសេស គ.ជ.ប និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដែលបានសហការ និងចូលរួម នឹងញាំងឲ្យព្រឹត្តិការណ៍ជាតិដ៏សំខាន់នេះ ប្រព្រឹត្តទៅដោយរលូន សេរី យុត្តិធម៌ អហិង្សា ត្រឹមត្រូវ និងតម្លាភាព។
សម្តេចធិបតីបានមានប្រសាសន៍បន្តថា កិច្ចការសំខាន់ទីពីរ គឺបណ្តាសកម្មភាពសំខាន់ៗ របស់រាជរដ្ឋាភិបាលរយៈពេលជាង៦ខែកន្លងមកនេះ ដែលរួមមាន: ទី១. ការដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ សម្រាប់ចាប់ផ្តើមអនុវត្តភ្លាមនៅក្នុងឆ្នាំ២០២៣ ដើម្បីឆ្លើយតបទៅនិងសេចក្តីត្រូវការចាំបាច់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងសង្គមជាតិ សេដ្ឋកិច្ច ដែលបានដាក់ចេញកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។ សម្តេចក៏បានជូននូវវឌ្ឍនភាពទៅលើកិច្ចការងារនេះ ជាលទ្ធផលសម្រេចបានទី១. ការពង្រីករបបសន្តិសុខសង្គម និងមូលនីធិសមធម៌សុខាភិបាល។ ការងារនេះ គឺជាការងារដែលធ្វើបន្ពពីអាណត្តិមុនៗ ហើយមកដល់ម៉ោងនេះ ក្នុងរយៈពេល ៦ខែដំបូងនេះ បានពង្រីករបបសន្តិសុខសង្គម និងមូលនីធិសមធម៌សុខាភិបាលទៅក្របដណ្តប់ប្រជាពលរដ្ឋ ៦,៨លាននាក់។
សម្តេចធិបតីបានបន្តថា ការបង្កើនការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយេរងហានិភ័យនៅទូទាំងប្រទេស ដែលគោលដៅរបស់យើង ១លាន ៥សែននាក់ មកដល់ម៉ោងនេះ គឺមានយុវជនចំនួន ២៧៨៩៤នាក់ បានចុះឈ្មោះចូលរៀនក្នុងនោះមាន ១២២៦៨នាក់កំពុងត្រូវបានបណ្តុះបណ្តាលនៅក្នុងកម្មវិធីសិក្សាចំនួន ៥៥៤ថ្នាក់ ដែលរាជរដ្ឋាភិបាលផ្តល់ការបណ្តុះបណ្តាលដោយឥតគិតថ្លៃ និងផ្តល់ថវិកាក្នុងមួយខែ ២៨ម៉ឺនរៀល ដើម្បីជួយបងប្អូនបន្ថែមទៀត៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត







