ឧត្តមសេនីយ៍ឯកដែលត្រូវបានទម្លាក់តំណែងដោយសារមានសារធាតុញៀនធ្វើលិខិតតវ៉ា (Video Inside)
ឧត្តមសេនីយ៍ឯកម្នាក់ ដែលត្រូវបានព្រះរាជក្រឹត្យត្រាស់បង្គាប់ឱ្យបន្ថយសក្តិ មកនៅត្រឹមពលបាលត្រី ដោយសារប្រព្រឹត្តខុសវិន័យនគរបាល បានធ្វើលិខិតតវ៉ាមួយ។
គួរបញ្ជាក់លោកឧត្តមសេនីយ៍ឯក យិន គារ ត្រូវបានព្រះរាជក្រឹត្យថ្ងៃទី១៣មីនា ត្រាស់បង្គាប់បន្ថយឋានន្តរសក្តិ មកនៅត្រឹមពលបាលត្រី ក្នុងក្របខណ្ឌនគរបាលជាតិ។
មិនមានសេចក្តីរាយការណ៍បញ្ជាក់ថា តើការទម្លាក់ឋានន្តរសក្តិនោះ ដោយសារតែមូលហេតុអ្វីនោះទេ ប៉ុន្តែបើយោងតាមលិខិតរបស់លោក យិន គារ ដែលបង្ហោះតាមបណ្តាញសង្គមបាននិយាយថា លោកត្រូវគេចាត់ទុកថា បានជាប់ពាក់ព័ន្ធនឹងមានសារធាតុញៀន តាមរយៈតេស្តលើទឹកនោម។
លិខិតរបស់លោក យិន គារ ចុះថ្ងៃទី១១មីនា បានប្រកែកថា តាំងពីពេលមុនរហូតមកដល់បច្ចុប្បន្ន លោកពុំដែលបានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនទេ។
លិខិតរបស់លោកបានស្នើសុំឱ្យសមត្ថកិច្ចជំនាញពិនិត្យម្តងទៀត និងត្រៀមប្រគល់ខ្លួនឱ្យច្បាប់កាត់ទោស បើសិនជាមានការរកឃើញថា លោកពិតជាមានសារធាតុញៀន។