សមត្ថកិច្ចឃាត់ខ្លួនមនុស្ស ៧នាក់ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិនៅពោធិ៍សាត់ (Video Inside)
ប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលចូលរួមដោយកម្លាំងចម្រុះ ៧៨៩នាក់ នៅក្នុងខេត្តពោធិ៍សាត់ បានឃាត់ខ្លួនជនសង្ស័យ ៧នាក់ និងដកហូតយកដីដែលរំលោភបំពានបានជាង ១៥០ហិកតា។
មន្ត្រីនាំពាក្យខេត្តពោធិ៍សាត់ លោក អៀម ឃួន បានថ្លែងនៅថ្ងៃទី១៥មីនាថា ប្រតិបត្តិការបង្ក្រាបដែលចូលរួមដោយកម្លាំងសមត្ថកិច្ចនគរបាល និងកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងរបស់ខេត្ត និងស្រុក បានធ្វើនៅក្នុងភូមិសាស្ត្រស្រុកវាលវែង ដោយបែងចែកជា ១០ក្រុម ក្នុងគោលដៅចំនួន៤។
ក្នុងប្រតិបត្តិការរយៈពេល៧ថ្ងៃមកនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស ៧នាក់ហើយ ក្នុងនោះបួននាក់ ត្រូវបានឃុំខ្លួនតាមដីការបស់តុលាការ។
ក្នុងប្រតិបត្តិការរយៈពេល៧ថ្ងៃនេះ សមត្ថកិច្ចបានដកហូតម៉ាស៊ីនកាត់ស្មៅចំនួន ៥គ្រឿង, ម៉ាស៊ីនបាញ់ថ្នាំស្មៅ ២គ្រឿង, ផ្លែឡាមម៉ាស៊ីនង៉ោង ២ផ្លែ, បានរុះរើខ្ទមបណ្ដោះអាសន្ន ៣៤រោង និងរោងប្រក់សង្ក័សី ១ខ្នង, បានកម្ទេចចោលវត្ថុតាង មានរោងប្រក់សង្ក័សី ៤គុណ៦ម៉ែត្រ ចំនួន ១២ខ្នង, រោងតង់កៅស៊ូ២ គុណ៣ម៉ែត្រចំនួន ៥ខ្នង, រោងប្រក់ស្លឹក ១ខ្នង, ដំឡូងមីចំនួន ៣៦៨០បាច់, កម្ទេចដំណាំចេក និងដំឡូងមីចំនួន ៣៨៤គុម្ព និងបានអប់រំណែនាំមនុស្សចំនួន ៨នាក់។
លោក អៀម ឃួន ដែលជាអភិបាលរងខេត្តពោធិ៍សាត់បានថ្លែងថា ប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិនេះ ត្រូវបានដាក់ចេញឱ្យអនុវត្តរយៈពេល ១៥ថ្ងៃ ប៉ុន្តែទើបបានធ្វើចំនួន ៧ថ្ងៃតែប៉ុណ្ណោះ។ សមត្ថកិច្ចកំពុងកំណត់មុខសញ្ញា តាមស្វែងរកជនល្មើសជាបន្តទៀត។