តុលាការកាត់ទោសដាក់គុកអស់មួយជីវិត ដល់បរទេស ២រូប នាំចូលគ្រឿងញៀនចូលកម្ពុជា (Video Inside)
អត្ថបទដោយ៖
Apsara Net
ជនបរទេស ២រូប ដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ត្រូវបានកាត់ទោសដាក់គុកអស់មួយជីវិត និងពិន័យបង់ប្រាក់ម្នាក់ៗ ចំនួន ៦០លានរៀល។
បុរសអាយុ ៤១ឆ្នាំសញ្ជាតិ ទ្រីនីដាត តូបាហ្គោ ឈ្មោះ ណៃថ៍ ចូអែល អ៊ីស៊ីអា និងស្ត្រីជាតិថៃអាយុ ៣៥ឆ្នាំ ឈ្មោះ អាថាន់ ថាតសានី ត្រូវបានសាលាដំបូងរាជធានី បានកាត់ទោសកាលពីថ្ងៃទី១៤មីនា នូវការចោទប្រកាន់ពីបទ «រក្សាទុក ដឹកជញ្ជូនឆ្លងដែន ដោយខុសច្បាប់ នូវសារធាតុញៀន» ជាងមួយគីឡូក្រាម។
ជនបរទេសទាំង២ ត្រូវបានចាប់ខ្លួននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី១៩ មិថុនា ឆ្នាំ២០២៣ ពេលធ្វើដំណើរចេញពីប្រទេសប្រេស៊ីល ចូលមកក្រុងឌូបៃ នៃប្រទេសអារ៉ាប់អេមីរ៉ាត, ចូលមកប្រទេសម៉ាឡេស៊ី និងបន្តចូលមកប្រទេសកម្ពុជា។ សមត្ថកិច្ចបានរកឃើញសារធាតុញៀនកូកាអ៊ីនទម្ងន់ ១ពាន់ ៥៩៤ក្បៀស ៣៨ក្រាម។