កងរាជអាវុធហត្ថនឹងបញ្ជូនជនសង្ស័យជួញដូរគ្រឿងញៀន ៦នាក់និងវត្ថុតាងថ្នាំញៀនទៅតុលាការខេត្តព្រះវិហារ!
ព្រះវិហារ៖ ជនសង្ស័យជួញដូរគ្រឿងញៀន ៦នាក់ រួមទាំងវត្ថុតាងថ្នាំញៀន ៣៩កញ្ចប់តូច-ធំ នឹងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះវិហារ នៅក្រោយបញ្ចប់កិច្ចនីតិវិធី។ជនសង្ស័យត្រូវបានឃាត់ខ្លួននៅក្នុងប្រតិបត្តិការចុះបង្ក្រាប ដែលបានធ្វើឡើងក្រោមបញ្ជាពីឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត កាលពីម៉ោងជាង ២រសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។

ឧត្តមសេនីយ៍ត្រី កង សៅគុណ បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននោះ បានធ្វើឡើងនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ដឹកនាំដោយ លោកអនុសេនីយ៍ទោ ស្រី វណ្ណនី មេបញ្ជាការមូលដ្ឋានកងអាវុធហត្ថស្រុក សង្គមថ្មីដោយ ឃាត់ខ្លួនជនសង្ស័យមួយនាក់ ឈ្មោះ ហង្ស រំដោះ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិសម្លាញ ឃុំភ្នំត្បែងមួយ ស្រុកសង្គមថ្មី និងដកហូតបានវត្ថុតាង ម្សៅក្រាមសថ្លា ៣១កញ្ចប់ ដែកកេះ ២ និងសម្ភារៈជក់ថ្នាំញៀនមួយចំនួន ។

ក្រោយទទួលបានចម្លើយពីជនសង្ស័យ ហង្ស រំដោះ នៅម៉ោង ៣រសៀលថ្ងៃដដែល កម្លាំងកងរាជអាវុធហត្ថបានបន្តឃាត់ខ្លួនជនសង្ស័យប្រាំនាក់បន្ថែមទៀត ដែលសុទ្ធសឹងជាភេទប្រុស ។ក្នុងនេះមាន គឺ ១-ឈ្មោះ យុត ណូយ អាយុ ៣៤ឆ្នាំ មុខរបរកសិករ រស់នៅ ភូមិស្ទឹង ឃុំរអាង ស្រុកសង្គមថ្មី (អ្នកយកថ្នាំញៀន២កញ្ចប់ធំឲ្យគេ)។ ២-ឈ្មោះ ស្រស់ ពេជ្រ អាយុ ១៦ឆ្នាំ មុខរបរ ទិញអេតចាយ រស់នៅភូមិបរិបូណ៌ ឃុំត្បែងពីរ ស្រុកគូលែន (អ្នកយកថ្នាំញៀន១កញ្ចប់ធំឲ្យគេ)។ ៣-ឈ្មោះ ហាត់ អៀក អាយុ ១៤ឆ្នាំ រស់នៅភូមិស្របាល ឃុំភ្នំពេញ ស្រុកគូលែន (អ្នកយកថ្នាំញៀនឲ្យគេ១កញ្ចប់ធំ)។ ៤-ឈ្មោះ ញ ផល្លា អាយុ ៤៤ឆ្នាំ មុខរបរ លក់សាច់ជ្រូក រស់នៅភូមិស្របាល ឃុំភ្នំពេញ ស្រុកគូលែន និង៥-ឈ្មោះ រិណ ចិន អាយុ ១៦ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិស្របាល ឃុំភ្នំពេញ សមត្ថកិច្ចចាប់យកវត្ថុតាងម្សៅក្រាមសថ្លា ៤កញ្ចប់ ក្នុងនោះ ធំ១កញ្ចប់ និងម៉ូតូមួយពាក់ស្លាកលេខ កណ្ដាល 1L-4670។
លោកឧត្តមសេនីយ៍មេបញ្ជាការអាវុធហត្ថខេត្ត បានបញ្ជាក់ទៀតថា លទ្ធផលនៅក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ៦នាក់ ដកហូតថ្នាំញៀន ៣៩កញ្ចប់ ក្នុងនោះកញ្ចប់ធំ២ ម៉ូតូមួយគ្រឿង និងវត្ថុតាងមួយចំនួនទៀតផងដែរ។ ជនសង្ស័យ រួមទាំងវត្ថុតាង នឹងត្រូវបញ្ជូនទៅកាន់តុលាការខេត្តព្រះវិហារ ចាត់ការតាមនីតិវិធី បន្ទាប់ពីកម្លាំងជំនាញបញ្ចប់ នូវកិច្ចនីតិវិធីសាកសួរ និងកសាងសំណុំរឿងរួច៕
ដោយៈឡុង សំបូរ
