ព្រឹត្តិការណ៍កីឡាទេសចរណ៍រត់ដើម្បីបរិស្ថាន Trail Running Event Cambodia Elephant Trail លើកទី១ មានអត្តពលិកជាតិ-អន្តរជាតិ ប្រមាណ១២០នាក់ មកពី៧ប្រទេសចូលរួម
ព្រឹត្តិការណ៍កីឡាទេសចរណ៍ រត់ដើម្បីបរិស្ថាន Trail Running Event Cambodia Elephant លើកទី១ ២០១៩ រៀបចំដោយក្រសួងទេសរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រុមអភិរក្សដំរីកម្ពុជា នៅតំបន់ឧទ្យានជាតិភ្នំគីរីរម្យ មានអត្តពលិកជាតិ និងអន្តរជាតិ ប្រមាណ១២០នាក់ មកពី៧ប្រទេសចូលរួម។ នេះតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ កាលពីចុងសប្តាហ៍ ពីឧទ្យានជាតិភ្នំគីរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ទៀតថា កីឡាបែបទេសចរណ៍លើកដំបូងនេះ ធ្វើឡើងបន្ទាប់ទទួលបានគោលការណ៍ពីឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឲ្យបង្កើតព្រឹត្តិការណ៍កីឡាឲ្យបានច្រើន ដើម្បីផ្សព្វផ្សាយគោលដៅអេកូទេសចរណ៍ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យមកទស្សនាកម្សាន្តនានា ដែលមានសក្តានុពល និងមានធនធានធម្មជាតិ សត្វព្រៃដ៏សំបូរបែប នៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការ បន្តទៀតថា Trail Running Event Cambodia Elephant លើកទី១ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗជាច្រើន ដូចជា ថែរក្សាបរិស្ថាន អភិរក្សធនធានធម្មជាតិ និងចូលរួមលេងកីឡា ដើម្បីសុខុមាលភាព សាមគ្គីភាព។
ចំពោះលទ្ធផលវិញ លេខមួយលើវិញ្ញាសារត់ចម្ងាយ៣២គីឡូម៉ែត្រ បានទៅកីឡាករបារាំង។ ឯលេខមួយ លើវិញ្ញាសារត់ចម្ងាយ១៣គីឡូម៉ែត្រ បានទៅលើកីឡាករកម្ពុជា វ៉ាន់ ភារ៉ា។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Trail Running Event Cambodia Elephant លើកទី១ ២០១៩នេះ មាន២វិញ្ញាសា គឺ៣២គីឡូម៉ែត្រ និង១២គីឡូម៉ែត្រ ដោយមានកីឡាករ កីឡាការិនី សរុប១២០នាក់ចូលរួម មកពី៧ប្រទេស ក្នុងនោះមាន៖ កម្ពុជា វៀតណាម ជប៉ុន បារាំង ហ្វីលីពីន អង់គ្លេស និងអាម៉េរិក៕ធ.ដ