សហរដ្ឋអាម៉េរិកគំរាមដាក់បន្ថែមទណ្ឌកម្ម និងធ្វើឲ្យអ៊ីរ៉ង់នៅឯកោ ក្រោយអ៊ីរ៉ង់ប្រកាសបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម
សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ នៅថ្ងៃ អាទិត្យ សប្តាហ៍មុននេះ បានធ្វើការព្រមានថា សកម្មភាពរបស់អ៊ីរ៉ង់ តាមរយៈបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់ខ្លួននោះ នឹងធ្វើឱ្យសាធារណៈឥស្លាមួយនេះប្រឈមមុខនឹងភាពឯកោ ក៏ដូចជាទណ្ឌកម្មបន្ថែមទៀត ។
ប្រមុខការទូតអាម៉េរិករូបនេះ បានបង្ហោះសារនៅលើបណ្តាញសង្គមធ្វីតធើថា ការសម្រេចចិត្តចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមឡើងវិញ នឹងធ្វើឱ្យអ៊ីរ៉ង់កាន់តែឯកា ហើយត្រូវជាប់ទណ្ឌកម្មតែប៉ុណ្ណោះ ចំណែកឯប្រជាជាតិដទៃគួរតែសា្ដរឡើងវិញនូវស្ដង់ដារមិនចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម សម្រាប់កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ពីព្រោះបើសិនជារបបដឹកនាំទីក្រុងតេហេរ៉ង់មានអាវុធនុយក្លេអ៊ែរនោះ ពិភពលោកទាំងមូលនឹងជួបមហន្តរាយដ៏ធំ ។
ការកត់សម្គាល់បែបនេះរបស់លោក ម៉ៃ ប៉ុមប៉េអូ បានកើតមានឡើងក្រោយអ៊ីរ៉ង់ បានប្រកាសចាប់ផ្ដើមបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមឱ្យលើសពី ៣.៦៧ភាគរយក្នុងរយៈពេលខ្លី ដែលជាកម្រិតមួយត្រូវបានដាក់កំហិតនៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ។ បន្ថែមលើនេះ ទីក្រុងតេហេរ៉ង់ក៏នឹងកាត់បន្ថយ ឬក៏លុបចោលការប្ដេជ្ញាចិត្តរបស់ខ្លួន នៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរជារៀងរាល់៦០ថ្ងៃម្ដងផងដែរ ៕ធ.ដ