បាតុករ២៣ម៉ឺននាក់ ក្នុងនោះ៦នាក់ត្រូវប៉ូលិសចាប់ខ្លួន ក្រោយបង្កអំពើហិង្សាអំឡុងពេលតវ៉ាកាលពីចុងសប្តាហ៍មុននេះ

ហុងកុង៖ បាតុករចំនួន០៦នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីអំឡុងបាតុកម្មមួយនៅថ្ងៃអាទិត្យម្សិលមិញនេះ ដែលបន្តធ្វើឡើងដើម្បីប្រឆាំងនឹងច្បាប់ស្តីពីការធ្វើបត្យាប័នដ៏តានតឹងមួយ បើទោះបីជាអភិបាលក្រុងហុងកុងលោកស្រី ខារី ឡាំ បានចេញមុខសុំទោស និងប្រកាសផ្អាកការអនុម័តច្បាប់នេះ ។

កាលពីខែមុនលោកស្រី ឡំា សម្រេចចិត្តផ្អាកការអនុម័តច្បាប់ដ៏តានតឹងនេះ បន្ទាប់ពីកើតមានការប្រទូសសារាយខ្លំាងរវាងក្រុមបាតុករ និងមន្រ្តីប៉ូលិស ប៉ុន្តែលោកស្រីមិនបានលុបវាចោលទាំងស្រុងឡើយ ខណៈក្រុមតវ៉ាចង់ឲ្យបោះបង់ចោលផែនការនេះទាំងស្រុង ហើយទាមទារឲ្យលោកស្រីចុះចេញពីតំណែងថែមទៀត ។

ដោយឡែកជុំវិញភាពតានតឹងចុងក្រោយនេះវិញ អ្នករៀបចំបាតុកម្មខាងលើបានអះអាងថា មនុស្សប្រមាណ២៣ម៉ឺននាក់បានដង្ហែរក្បួនបាតុកម្មនៅលើដងផ្លូវ កូវលូន ដែលវាគឺជាសកម្មភាពតវ៉ាថ្មីចុងក្រោយបំផុត មានគោលដៅប្រឆាំងនឹងច្បាប់ធ្វើបត្យាប័នជនសង្ស័យទៅឲ្យអាជ្ញាធរចិនដីគោក និងប្រទេសផ្សេងទៀត ។ រីឯប៉ូលិសហុងកុងបាននិយាយដែរថា ចំនួនបាតុករច្រើនបំផុតគឺត្រឹម៥ម៉ឺន៦ពាន់នាក់ ហើយថា ការប៉ះទង្គិចគ្នាដោយហិង្សាបានកើតឡើងរវាងភាគីទាំងពីរ ក្នុងនោះអ្នកតវ៉ាសរុប០៦នាក់ត្រូវបានប៉ូលិសឃាត់ខ្លួន ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner